(ភ្នំពេញ)៖ ឆ្លើយតបនឹងការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល កងកំលាំងប្រដាប់អាវុធ មន្រ្តីជាប់កិច្ចសន្យា រួមទាំងមន្រ្តីសាធារណៈផ្សេងទៀតនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានស្ម័គ្រចិត្តជាបន្តបន្ទាប់ចូលរួមបរិច្ចាគបៀវត្សប្រចាំខែរបស់ខ្លួន ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ក្រសួងមុខងារសាធារណៈ តាមរយៈក្រុមការងារសម្រាប់សម្របសម្រួលការទទួល និងការផ្ទេរវិភាគទានស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានធ្វើការបូកសរុបទិន្នន័យវិភាគទានស្ម័គ្រចិត្តពីបៀវត្សប្រចាំខែរបស់មន្រ្តីសាធារណៈ ដែលគិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ គឺមានចំនួន ១៦.៦៩៣ នាក់ ដោយមានទឹកប្រាក់សរុបប្រមាណ ២៦ ពាន់លានរៀល ស្មើនឹងប្រមាណ ៦,៥លាន ដុល្លាអាមេរិក។
ទន្ទឹមនោះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួងមុខងារសាធារណៈ ចំនួន ៧៦២ នាក់ ក៏បានចូលរួមវិភាគស្ម័គ្រចិត្តពីបៀវត្សប្រចាំខែរបស់ខ្លួន មានទឹកប្រាក់ជាង ៤០០ លានរៀល ស្មើនឹងជាង ១០ម៉ឺនដុល្លា អាមេរិក។
ការចូលរួមវិភាគទានស្ម័គ្រចិត្តនេះបានបង្ហាញឲ្យឃើញនូវសមានចិត្តសាមគ្តីប្រជាជាតិ និងទឹកចិត្តមនុស្សធម៌របស់ថ្នាក់ដឹកនាំ និងមន្រី្តក្នុងវិស័យសាធារណៈក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដែលបណ្តាលមកពីការរាលដាលនៃជំងឺកូវីដ១៩។