(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងបរិស្ថាន បានទទួលម៉ាស៊ីន សម្ភារ និងថ្នាំសម្លាប់មេរោគ ពីក្រុមហ៊ុន «ជឹងហៃណា អ៉ិនដាសស្ទ្រី ឯ.ក» (ZHENGHAINA INDUSTRY Co.,ltd) ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអនាម័យ និងបរិស្ថាន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងវីរុស COVID-19។
អំណោយដែលក្រុមហ៊ុនចិន បានប្រគល់ជូនដល់ក្រសួងបរិស្ថាននាថ្ងៃនេះរួមមាន៖ ម៉ាស៊ីនបាញ់សម្លាប់មេរោគ ចំនួន ១០គ្រឿង, ទឹកថ្នាំសម្លាប់មេរោគ ចំនួន ១០តោន និងសាប៊ូ សម្លាប់មេរោគ ចំនួន ១០,០០០ដុំ។
ក្នុងឱកាសនោះដែរ លោក ជ្រិន សុខា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងបរិស្ថាន ជំនួសមុខឱ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ក្រុមហ៊ុន «ជឹងហៃណា អ៉ិនដាសស្ទ្រី ឯ.ក» ដែលបានចែករំលែកចូលរួមជាមួយក្រសួង ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅកម្ពុជា។
លោក ជ្រិន សុខា បានបន្តថា ការបរិច្ចាគនូវធនធានរបស់ក្រុមហ៊ុន ដើម្បីទិញនូវម៉ាស៊ីន សម្ភារ និងថ្នាំសម្លាប់មេរោគប្រគល់ជូនក្រសួង ដើម្បីយកមកប្រើប្រាស់ ក្នុងពេលចាំបាច់ណាមួយ នាកាលៈទេសៈប្រទេសកម្ពុជា កំពុងតែជួបនូវការរីករាលដាលវីរុស COVID-19។
លោក Gu Chun Yao ប្រធានក្រុមហ៊ុន «ជឹងហៃណា អ៉ិនដាសស្ទ្រី ឯ.ក» បានថ្លែងថា ការប្រគល់នូវម៉ាស៊ីន និងសម្ភារសម្លាប់មេរោគជូន ដល់ក្រសួងបរិស្ថាននេះ គឺធ្វើឡើងស្របតាមទឹកចិត្តដ៏ប្រពៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលដែលប្រទេសចិន កំពុងតែជួបនូវវិបត្តិរីករាលដាលវីរុស COVID-19 គឺសម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំបរទេសទី១ ដែលបានឈានចូលក្នុងប្រទេសចិន ទាំងនេះបានបង្ហាញឱ្យឃើញថា កម្ពុជា-ចិន ជាមិត្តដែកថែបមិនអាចបំបែកបាន ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រដល់រដ្ឋាភិបាលចិន ចំពោះការទប់ស្កាត់ វីរុសដ៏កាចសាហាវនេះផងដែរ។
លោក Gu Chun Yao បានបន្តថា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស គួរមានអនាម័យស្អាត គួរលាងដៃជាប្រចាំ ហូបស្អាត គេងស្អាត និងអនុវត្តតាមគោលការណ៍ ដែលក្រសួងសុខាភិបាលបានផ្សព្វផ្សាយ និងដាក់ជូនឱ្យអនុវត្ត ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល នៅទូទាំងពិភពលោកនាពេលសព្វថ្ងៃនេះ។
លោក Gu Chun Yao បានបញ្ជាក់ថា គោលបំណងដែលក្រុមហ៊ុន ប្រគល់នូវអំណោយជាម៉ាស៊ីន ថ្នាំសម្លាប់មេរោគ និងសាប៊ូ ដល់ក្រសួងសុខាភិបាលនាពេលនេះ គឺដើម្បីជួយគាំទ្រ និងចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងលើកទឹកចឹត្ត ឱ្យសាធារណៈជនស្វែងយល់ ពីរបៀបរក្សារអនាម័យ ឱ្យបានល្អដើម្បីក្រុមគ្រួសារ និងសង្គមជាតិកម្ពុជាទាំងមូល។
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសស្វាគមន៍ជំនួយនិងអំណោយពីសប្បុរសជន និងក្រុមហ៊ុននានា សម្រាប់បុព្វហេតុប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ហើយកន្លងមក មន្ត្រីរដ្ឋាភិបាលជាច្រើន រួមទាំងសម្ដេចនាយករដ្ឋមន្ត្រីផ្ទាល់ផង បានរួមចំណែកបរិច្ចាគថវិកា សម្រាប់កិច្ចប្រឹងប្រែងនេះ៕