(ភ្នំពេញ)៖ កងទ័ពរំដោះប្រជាជនចិន ដែលមកចូលរួមលំហាត់សមយុទ្ធនាគមាស បានធ្វើដំណើរដល់ប្រទេសចិនចំនួន២០ថ្ងៃហើយ និងបានប្រកាសថា កងទ័ពទាំងអស់ដែលបានធ្វេីដំណេីរត្រឡប់ទៅប្រទេសកំណេីតវិញ គឺពុំមានជំងឺខូវីដ-១៩នោះទេ។ ចំណែកភាគីកងទ័ពកម្ពុជាពិសេសកងកម្លាំងនៃកងពលតូចលេខ៧០ ក៏មិនមានអ្នកណាម្នាក់ឆ្លងវីរុសនេះដែរ ក្នុងពេលធ្វើសមយុទ្ធរួមគ្នា។ ការប្រកាសនេះគឺក្រោយពេលនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ និងធ្វេីតេស្តចំនួន៦ថ្ងៃមកហេីយ។
សូមជំរាបថា ក្នុងអំឡុងពេលធ្វើសមយុទ្ធរួមគ្នានោះ កងពលតូចលេខ៧០ បានចាត់វិធានការយ៉ាងតឹងរឹងក្នុងការចេញចូលបរិវេណទីតាំងទាំង២ គឺសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី របស់កងពលតូលលេខ៧០ និងបញ្ជាការដ្ឋានកងពលនៅភ្នំពេញ ពិសេសគឺការបាញ់ថ្នាំសម្លាប់មេរោគ តាមគោលដៅ ដែលថ្នាំមួយចំនួនគឺទទួលបានពីខាងភាគីចិន និងបានអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ ក្នុងការបង្ការជំងឺកូវីដ១៩ នេះ។
បេីតាមភាគីមិត្តចិនបានបញ្ជាក់ថា លទ្ធផលដែលបង្ហាញអំពីការមិនឆ្លងជំងឺរវាងកង ទ័ពនៃប្រទេសទាំង២នេះ គឺជាជោគជ័យមួយដ៏ធំធេង ពោលគឺមិនត្រឹមតែជោគជ័យលេីការហ្វឹកហាត់ជំនាញប្រឆាំងអំពើភេវរកម្មរួមគ្នានោះទេ ប៉ុន្តែក៏ជាជោគជ័យនៃការការពារ និងថែទាំសុខភាពជាមួយគ្នាបានយ៉ាងល្អ ក្នុងនាមជាមិត្តផងដែរ ដោយក្នុងនោះមានកងពលតូចលេខ៧០ ជាអ្នកទទួលធានាការពារការពារក្នុងទីលានសមយុទ្ធនៅសាលាតេជោសែនជុំគិរី និងនៅបញ្ជាការដ្ឋានកងពលនៅភ្នំពេញ។
គួរបញ្ជាក់ថា តាមការចង្អុលបង្ហាញពី សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាមន្ត្រីជំនាញទាំងថ្នាក់ជាតិ និងអន្តរជាតិ កម្ពុជាបានប្រតិបត្តិយ៉ាងតឹងរ៉ឹងនូវវិធានការសុវត្ថិភាព ដើម្បីការពារសុខភាពកងទ័ពនៃប្រទេសទាំងពីរ ដើម្បីធានាឲ្យបាននូវការមិនឆ្លងជំងឺរាតត្បាតកូវីដ១៩ នេះ ខណៈដែលប្រទេសកម្ពុជា និងចិន ក៏ដូចជាបណ្ដាប្រទេសជាច្រើននៅក្នុងសកលលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ៕