(កំពង់ចាម)៖ សប្បុរសជននានានៅតែបន្តនាំថវិកា និងសម្ភារ ឧបត្ថម្ភជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19)។
ជាក់ស្តែង លោក មាស ធីបញ្ញា និងសហការី នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១លានរៀល, ម៉ាស១០០០, សាប៊ូ១០០០ដុំ ជែលលាងដៃ១០០ដប និងភេសជ្ជៈអាដេចំនួន១០កេស ផ្តល់ជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធនិងជំងឺកូវីដ១៩ខេត្ត ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណដល់លោក មាស ធីបញ្ញា និងសហការីទាំងអស់ ដែលបានចូលរួមចំណែកក្នុងការឧបត្ថម្ភជាថវិកា សម្រាប់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តកំពង់ចាម យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ ក្នុងយុទ្ធនាការនានា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ។
គួរបញ្ជាក់ថា ខេត្តកំពង់ចាម កន្លងមកមានអ្នកកើតជំងឺកូវីដ១៩ សុទ្ធសឹងតែជាជនបរទេសសរុបចំនួន ១៦នាក់។ តែរហូតមកដល់ពេលនេះ គឺក្រុមគ្រូពេទ្យខេត្តកំពង់ចាម បានធ្វើការព្យាបាលអ្នកផ្ទុកវីរុសទាំងនោះ បានជាសះស្បើយអស់ហើយ។
ជាមួយគ្នានោះ អាជ្ញាធរខេត្តកំពង់ចាម នៅតែបន្តការប្រុងប្រយ័ត្នខ្ពស់ដដែល ដោយបានបំពាក់ម៉ាស៉ីនស្វ័យប្រវត្តិ បាញ់សម្លាប់មេរោគនៅតាមច្រកចេញចូលសំខាន់ៗ ដើម្បីសម្រួលដល់ការធ្វើអនាម័យ ព្រមទាំងបានបន្តការផ្សព្វផ្សាយសារអប់រំ អំពីការធ្វើអនាម័យ ដើម្បីចៀសផុតពីការឆ្លងជំងឺនេះផងដែរ៕