(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា (CPP) បានឲ្យដឹងថា សន្និបាតលើកទី៣៩ នៃ គណៈកម្មាធិការកណ្តាលរបស់បក្សលើកនេះ ទទួលបានលទ្ធផលផ្លែផ្កាច្រើន ជាពិសេសក្នុងសន្និបាតនេះ មិនសូវមានអ្នកនិយាយអែប និយាយលើកជើង ឬ និយាយហៀរទឹកមាត់នោះឡើយ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់លើ Facebook របស់លោក ពេលកំពុងចូលរួមសន្និបាតនាព្រឹកថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០១៦ នេះយ៉ាងដូច្នេះ «នៅក្នុងមហាសន្និបាតលើកទី ៣៩ នៃគណៈកម្មាធិការកណ្តាលលើកនេះ ឃើញការពិភាក្សាបានចំចំណុចច្រើន ថយ អ្នកនិយាយអែប និយាយលើកដុំដែក និងលើកជើង និងនិយាយវែងហៀរទឹកមាត់»។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បាននិងកំពុងបើកសន្និបាតលើកទី៣៩ នៃគណៈកម្មាធិការកណ្តាល នៅសាលមហោស្រព កោះពេជ្រ។ សន្និបាតគណៈកម្មាធិការកណ្តាលបក្ស ដែលមានសមាជិកប្រមាណ ៥៤៥រូប រយៈពេលពីរថ្ងៃ (៩-១០ មករា) ត្រូវបានគេ រាយការណ៍ធ្វើឡើង ដើម្បីដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែ មានប្រសិទ្ធភាព។ ជាពិសេសដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ដើម្បីដណ្តើមយកជ័យជម្នះសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ នេះតែម្តង៕