(ភ្នំពេញ)៖ អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងរយៈពេល៣ថ្ងៃជាប់គ្នានេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពបាញ់ថ្នាំ សម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗ មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បីសុខមាលភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរ ក្នុងផ្សារទាំងអស់ ខណៈដែលជំងឺវីរុសកូវីដ-១៩ បាននឹងកំពុងវាយលុកមិនថា នៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹង នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះថា ក្នុងន័យគិតគូរពីសុខភាព បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មេរោគ។
ជាក់ស្តែងនៅព្រលប់ថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារមន្ទីរសុខាភិបាល បានចុះបាញ់ថ្នាំសម្លាប់មេរោគតាមផ្សារធំថ្មី ទួលទំពូង និងផ្សារកណ្តាល បើទោះបីរាល់ថ្ងៃនេះ គណៈកម្មការផ្សារនីមួយៗ បាននឹងកំពុងអនុវត្តការងារ ទៅតាមការណែនាំរបស់លោក ឃួង ស្រេង ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ជំងឺវីរុសកូវីដ-១៩ ដោយនៅតាមបណ្តាលផ្សារទាំងនោះ ក្រៅពីការបាញ់លាងសំអាតហើយនោះ នៅតាមបណ្តាលច្រកចេញចូលផ្សារ ក៏មានកម្លាំងសន្តិសុខ ផ្សាររងចាំបាញ់កំដៅ និងបាញ់អាកុលលាងដៃផងដែរ ជូនទៅអាជីវករ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។
អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី លោកស្រី ប៉ុន ដានី បានបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី២១ ខែមេសានេះដែរថា នៅក្នុងខែមេសានេះ មានភ្ញៀវទេសចរ ចូលមកទស្សនានៅក្នុងផ្សារធំថ្មី ចំនួន៥,៨០៦នាក់ ក្នុងនោះភ្ញៀវដែលបានចូលទស្សនាច្រើនជាងគេ មានភ្ញៀវជនជាតិវៀតណាម ជនជាតិចិនអឺរ៉ុប ម៉ាឡេស៊ី ជប៉ុនឥណ្ឌា ភ្ញៀវថៃ និងអាហ្វ្រិក។
លោកស្រីបន្ដថា ក្នុងខែមេសា ឆ្នាំ២០២០នេះ លោកស្រី ក៏បានចុះផ្សព្វផ្សាយ ស្ដីពីការបង្ការ និងទប់ស្កាត់មេរោគកូវីដ-១៩ និងបានណែនាំប្រជាពលរដ្ឋ អាជីវករ កុំឲ្យដំឡើងថ្លៃពួកម៉ាស អាកុលនឹងជេល និងបានប្រើប្រាស់អាកុល អស់ចំនួន៣៦០លីត្រ ម៉ាស់ចំនួន១,៩៦០ម៉ាស និងបានបាញ់ថ្នាំសម្លាប់មេរោគ តាមបន្ទប់ជុំវិញផ្សារផងដែរ៕