(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ចំពោះកិច្ចរៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និងជំនួយសង្គម ដើម្បីគ្រប់គ្រងការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ តាមរយៈ Video Conference អំពីគោលនយោបាយ និងកម្មវិធីជំនួយសង្គម ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ជាមួយបណ្តាដៃគូអភិវឌ្ឍន៍ ចំនួន២៣ ដែលមានវត្តមាន នៅកម្ពុជា រួមមាន៖ ADB, WB, IMF, FAO, WHO, UNDP, ILO, IOM, UNFPA, UN HABITAT, UNICEF, WFP, តំណាងសហភាពអ៊ឺរ៉ុប, ស្ថានទូតអូស្រ្តាលី, ស្ថានទូតជប៉ុន, ស្ថានទូតអាឡឺម៉ង់, JICA, KOICA, EDCF, GIZ, SDC, SIDA និង GRET។
លោក វង្សី វិស្សុត បានថ្លែងថា ការរៀបចំគោលនយោបាយ និងកម្មវិធីជំនួយសង្គម ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្អែកលើផែនការមេ សម្រាប់ ទប់ស្កាត់ និងឆ្លើយតបទៅ នឹងការគំរាមកំហែងពីជំងឺកូវីដ-១៩ និងក្របខណ្ឌយុទ្ធសាស្រ្ត សម្រាប់គ្រប់គ្រងសភាពការណ៍ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល។ គោលនយោបាយ និងកម្មវិធីជំនួយសង្គមនេះ នឹងត្រូវដាក់ឆ្លងការពិនិត្យអនុម័ត ពីគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពេលខាងមុខនេះ។
លោកបន្តថា គោលបំណង នៃការធ្វើការពិភាក្សាពិគ្រោះយោបល់ កម្រិតបច្ចេកទេស ជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ នាពេលនេះ គឺដើម្បីប្រមូលនូវមតិយោបល់ និងធាតុចូលបន្ថែម ពីដៃគូទាំងអស់ពាក់ព័ន្ធនឹងទំហំ នៃតម្រូវការហិញ្ញប្បទាន និងការកំណត់អត្តសញ្ញាណកម្ម ក្រុមជនងាយរងគ្រោះ ដែលជាគោលដៅអ្នកត្រូវទទួល បាននូវកម្មវិធីជំនួយសង្គមនេះ ក៏ដូចជាយន្តការបើកផ្តល់ ព្រមទាំងបន្តស្វែងរកការគាំទ្រ បន្ថែមពីសំណាក់ដៃគូទាំងអស់។
លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានក្លាយជាវិបត្តិសកលលោក និងជាករណីមិនធ្លាប់មានពីមុនមក ហើយទំហំ នៃផលប៉ះពាល់ និងវិធានការឆ្លើយតប របស់ប្រទេសនីមួយៗ ក៏មិនដូចគ្នាដែរ។ លោកបានបន្តថា ទោះបីកម្ពុជាជាប្រទេសតូច ហើយធនធានមានកម្រិតក្តី តែរហូតមក ទល់នឹងពេលនេះ, កម្ពុជា បាននិងកំពុងគ្រប់គ្រងស្ថានភាព នៃជំងឺនេះល្អប្រសើរ។
ទន្ទឹមនឹងនេះ មជ្ឍដ្ឋានប្រជាពលពលរដ្ឋទូទៅ មិនថា តែមន្រ្តីរដ្ឋការសាធារណៈឡើយ បានចូលរួមចំណែកប្រយុទ្ធប្រឆាំង នឹងជំងឺនេះជាមួយនឹងរដ្ឋាភិបាល យ៉ាងសស្រាក់សស្រាំ និងថែមទាំងបានជួយរែកពន់នូវបន្ទុក និងការលំបាកនេះ ក្នុងស្មារតីចែករំលែកទៀត។ ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល នឹងនៅតែបន្តតាមដាន ស្ថានភាពវិវត្តន៍នៃជំងឺនេះ ប្រកបដោយការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀសឲ្យបាននូវការរីករាលដាលធ្ងន់ធ្ងរ នៃជំងឺដ៏កាចសាហាវនេះ។ លោកក៏បានគូសបញ្ជាក់ផងដែរថា យើងបានគិតគូរ និងត្រៀមសម្រាប់ស្ថានភាពអាក្រក់បំផុត ។
លោក វង្សី វិស្សុត បានលើកឡើងផងដែរថា ជារួមក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ, រាជរដ្ឋាភិបាល បានផ្តោតលើមុខព្រួញចំនួន០៤គឺ៖ ១៖ ការប្រយុទ្ធប្រឆាំង ទៅនឹងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លង, ការចម្លង និងការពារអាយុជីវិត របស់ប្រជាជន, ២៖ ការរក្សាលំនឹងជីវភាពប្រជាជន ក្នុងកម្រិតអប្បបរមាមួយ (មិនឲ្យអត់បាយ) ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ការងារ ដើម្បីធ្វើឲ្យពួកគេអាចមានលទ្ធភាព វិលទៅរកជីវភាព ជាធម្មតាវិញ នៅពេលផុតពីជំងឺនេះ, ៣៖ ការខិតខំជួយឲ្យអស់លទ្ធភាព ដើម្បីជួយឲ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ ពិសេសការរក្សា និងជំរុញសកម្មភាព សេដ្ឋកិច្ចក្នុងស្រុក និងការត្រៀមខ្លួនក្រោយពេល ដែលជំងឺកូវីដ-១៩ស្រាកស្រាន្ត ដើម្បីជ្រោងសេដ្ឋកិច្ច ឲ្យងើបឡើងវិញបានឆាប់រហ័ស និង៤៖ ការរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម ។
លោកបានបន្តថា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការទប់ទល់ផលប៉ះពាល់ លើសេដ្ឋកិច្ច-សង្គម, រាជរដ្ឋាភិបាល បានគ្រោងថវិកាចំនួន១០០លានដុល្លារ សម្រាប់អនុវត្តផែនការមេ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះ ប្រភពពីថវិកាជាតិប្រមាណ៦០លានដុល្លារអាមេរិក និងការកៀរគរពីដៃគូ អភិវឌ្ឍន៍ប្រមាណ៤០លានដុល្លារអាមេរិក និងថវិកាជាតិចំនួន៣៥០លានដុល្លារអាមេរិក សម្រាប់ធ្វើអន្តរាគមន៍ ដើម្បីរក្សាលំនឹងជីវភាព ប្រជាជនក្រីក្រ ងាយរងគ្រោះ និងសម្រាប់ឧបត្ថម្ភដល់កម្មករ នៅពេលដែលរោងចក្រព្យួរអាជីវកម្ម។ តែទំហំទឹកប្រាក់ត្រៀម សម្រាប់អន្តរាគមន៍ មុខសញ្ញាខាងលើនេះ អាចនឹងមិនគ្រប់គ្រាន់ ក្នុងករណីប្រសិនបើស្ថានភាពនៃជំងឺកូវីដ-១៩ ត្រូវអូសបន្លាយយូរ ឬករណីមានការរីករាលដាលខ្លាំង។
លោកបានបន្តថា ក្រៅពីការផ្តល់ការអនុគ្រោះ និងការបន្ធូរបន្ថយផ្នែកពន្ធដារ និងវិធានការ ដែលដាក់ចេញដោយធនាគារជាតិ នៃកម្ពុជា ដើម្បីជួយដល់វិស័យធុរកិច្ច ដែលទទួលរង ផលប៉ះពាល់ពីជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលក៏បានបង្កើនការផ្តល់ទុនកម្ចី ដល់សហគ្រាសធុនតូច និងមធ្យមចំនួន៥០លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ចំពោះវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងវិស័យផ្សេងទៀត ចំនួន១០០លានដុល្លារអាមេរិកបន្ថែមទៀត ដោយក្នុងនោះ តាមរយៈធនាគារ សហគ្រាសធុនតូច និងមធ្យមចំនួន៥០លានដុល្លារអាមេរិក និងធនាគារពាណិជ្ជកម្ម ចំនួន៥០លានដុល្លារអាមេរិក។
តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់នេះ បណ្តាដៃគូទាំងអស់បានវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយ និងកម្មវិធីជំនួយសង្គម ដែលបានរៀបចំដោយក្រុមការងារ ចំពោះកិច្ច និងសន្យាផ្តល់ការគាំទ្រ ចំពោះកម្មវិធីជំនួយសង្គមនេះ ទៅតាមលទ្ធភាពរបស់ខ្លួន។
នៅក្នុងឱកាសនោះដែរ ក្នុងនាមរាជរដ្ឋាភិបាល, លោក វង្សី វិស្សុត បានថ្លែងអំណរគុណ ដល់បណ្តាដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងជាជំនួយបច្ចេកទេស និងទាំងជាជំនួយហិរញ្ញវត្ថុ ដើម្បីចូលរួមចែករំលែកជាមួយកម្ពុជា នៅក្នុងស្ថានភាពដ៏លំបាកនេះ៕