(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញទទួលថវិកាចំនួន ៦,០០០,០០០រៀល របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលបានដឹកនាំដោយលោក ហ៊ឹម ស្រ៊ុង ប្រធានសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ ទុកសម្រាប់បម្រើការងារ និងដើម្បីទប់ស្កាត់ជំងឺ Covid-19 ក្នុងខេត្ត។
លោក វ៉ា ថន បានបញ្ជាក់ថា សម្រាប់ខេត្តក្រចេះគឺមានមណ្ឌលច័ត្តាឡីស័កចំនួន ០៤កន្លែង ដោយទីតាំងទី១ នៅក្នុងក្រុងក្រចេះ ទី២ នៅស្រុកស្នួល ទី៣ នៅស្រុកឆ្លូង និងទី៤ នៅស្រុកចិត្របុរី ហើយគិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ចំនួនអ្នកផុតកំណត់ការដាក់នូវដោយឡែកមានចំនួន៤៤១នាក់ និងដាក់ដោយឡែកពលករចំនួន ៣៨នាក់ ឋិតនៅក្នុងការគ្រប់គ្រងរបស់ច័ត្តាឡីស័កខេត្ត-ស្រុក-ក្រុង ក្នុងនោះខេត្ត។
លោកបន្តថា ថវិកាទាំងអស់នេះ រដ្ឋបាលខេត្តនឹងរៀបចំចាត់ចែងសម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតជីវភាព និងជាពិសេសបងប្អូនពលករ ដែលត្រឡប់មកពីធ្វើការងារនៅក្រៅប្រទេស ធ្វើដំណើរចូលមកភូមិកំណើតរបស់ខ្លួនវិញ ហើយត្រូវបានអាជ្ញាធរ រៀបចំដាក់ឲ្យពួកគាត់រស់នៅដាច់ដោយឡែកពីគ្រួសារ ចំនួន១៤ថ្ងៃ ក្នុងការតាមដានស្ថានភាពជំងឺ Covid-19 ។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រី សមាជិកសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ក្នុងន័យទប់ស្កាត់ និងកាត់បន្ថយការចម្លងនៃមេរោគ Covid-19 ទៅដល់អ្នកដទៃនិងសហគមន៍ ហើយសូមជួយបន្តសហការ និងផ្សព្វផ្សាយបន្តទៅដល់បងប្អូន និងអ្នកដទៃ នៅក្នុងសហគមន៍ឲ្យបានដឹងពីការធ្វើអនាម័យ និងការពារពីមេរោគ Covid-19នេះផង៕