(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរ ២នាក់ ត្រូវបានអជ្ញាធរថៃបញ្ជូនខ្លួនឱ្យមកអាជ្ញាធរកម្ពុជាវិញ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ តាមច្រកអន្តរជាតិជាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បន្ទាប់ពីពួកគេបានជាប់ទោសជិត ២ឆ្នាំនៅប្រទេសថៃ ពីបទឆ្លងដែនចូលកាប់ឈើគ្រញូងខុសច្បាប់។
តាមរបាយការណ៍របស់សមត្ថកិច្ចប្រចាំច្រកអន្តរជាតិជាំ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំង២នាក់ ដែលអជ្ញាធរថៃបញ្ជូនមកមានឈ្មោះទី១៖ ឃឿន ជាតិ ភេទប្រុស អាយុ២៥ឆ្នាំ និងទី២៖ ឈ្មោះ ហឿន ចិត្ត ភេទប្រុស អាយុ៤០ឆ្នាំ អ្នកទាំង២ រស់នៅភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ទាំង២នាក់នេះត្រូវបានអជ្ញាធរ ថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង តាមច្រកអូរហាសិប ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ។
សួមបញ្ជាក់ថា ក្រោយពីបានស្គែនកំដៅ និងសំអាតខ្លួនប្រាណដោយអាល់កុលការពារមេរោគកូវីដ១៩រួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងបានអនុញ្ញាត ឱ្យវិលត្រឡប់ ទៅលំនៅដ្ឋានវិញរៀងៗខ្លួនផងដែរ៕