(ភ្នំពេញ)៖ រថយន្ត Lexus RX-350 មួយគ្រឿង បានក្រឡាប់ផ្ងារជើង កណ្តាលផ្លូវបណ្តាលឲ្យ រងកាខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីបើកបុករនាំងដែក ដាក់ចែកទ្រូងផ្លូវវេលាម៉ោង៥៖២០នាទី ព្រឹកព្រលឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦តាមមហាវិថី ព្រះមុនីវង្សខាងជើងស្តុបបូកគោ ក្នុងសង្កាត់ បឹងកេងកងទី៣ ខណ្ឌចំការមន។
សាក្សីបានប្រាប់ថា មុនមានករណីគ្រោះថ្នាក់ចរាចរណ៌នេះកើតឡើង គឺគេឃើញរថយន្តទំនើបពីរគ្រឿង បើកប្រដេញគ្នា ក្នុងល្បឿនយ៉ាងលឿនតាមផ្លូវ ព្រះមុនីវង្ស ស្រាប់រថយន្ត មួយគ្រឿង បានរេចង្កូត ទៅបុករនាំងដែកដាក់ ចែកទ្រូងផ្លូវបណ្តាល ឲ្យបាក់អស់៦ផ្ទាំងរីឯរថយន្តបានហោះ ទៅក្រឡាប់ផ្ងារជើងច្រងាង រងការខូចខាត តែមិនបណ្តាលឲ្យអ្នកបើកបររងរបួសនោះទេ។ អ្នកបើកបរ ដែលពុំមានរងរបួសនោះ បានឡើងជិះ ម៉ូតូកង់បី គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលបន្សល់ទុកតែរថយន្តដែលក្រឡាប់តែប៉ុណ្ណោះ។
បន្ទាប់មករថយន្តដែលក្រឡាប់ត្រូវបាន កម្លាំងនគរបាលចរាចរណ៍ ចុះមកស្ទួចយកទៅរក្សាទុកនៅការិយាល័យ ចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន ទៅដោះស្រាយគ្នានៅពេលក្រោយ៕
Posted by Fresh News Photo on Saturday, January 9, 2016