(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រ ក្នុងរាជធានីភ្នំពេញ ដែលត្រឡប់មកពីលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការងារបានបញ្ជាក់ថា ការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រនេះ ក្នុងគោលបំណងការពារសុខភាពបងប្អូនកម្មកររោងចក្រជាង៩៥% ដែលបានមកធ្វើការងារធម្មតា អំឡុងពេលបុណ្យចូលឆ្នាំផង ក៏ដូចជាការពារសុខភាព បងប្អូនកម្មកររោងចក្រ ដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំផង។
ក្រសួងការងារបានបញ្ជាក់ថា លទ្ធផលនៃការត្រួតពិនិត្យសុខភាពបងប្អូនកម្មកររោងចក្រ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ គិតត្រឹម ម៉ោង១៨៖០០នាទីយប់ មានកម្មកររោងចក្រមកត្រតពិនិត្យសុខភាព ចំនួន ១,០១៨នាក់ក្នុងនោះ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន៩៥៩នាក់ ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ (វិទ្យាល័យជម្ពូវ័ន) ចំនួន៣៨នាក់ និងយកសំណាកទៅពិសោធន៍បន្តចំនួន១៨នាក់ និងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័ក កម្រិត២ (វិទ្យាល័យជម្ពូវ័ន) ចំនួន២១នាក់។
ក្រសួងការងារបន្តថា សម្រាប់លទ្ធផលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង១១៖០០នាទីព្រឹក មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន ៤០៥នាក់ក្នុងនោះ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន៣៧៦នាក់ ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន៦នាក់ និងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន ២៣នាក់។
សូមជម្រាបថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ រួមទាំងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានដាក់ដំណើរការមណ្ឌល ត្រួតពិនិត្យសុខភាព ចំនួន១០មណ្ឌល និងមណ្ឌលចត្តាឡីស័កចំនួន៣មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មករ រោងចក្រដែលបានឈប់ សម្រាកអំឡុងពេលបុណ្យពេលចូលឆ្នាំ និងទើបវិលត្រឡប់ចូលបម្រើការងារវិញ៕