(ភ្នំពេញ)៖ ដើម្បីប្រយុទ្ធប្រឆាំងបង្ការការពារពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ (COVID-19) គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ជូនដល់គណៈអ៊ឺម៉ាំរាជធានី-ខេត្ត, គណៈអ៊ឺម៉ាំស្រុក-ខណ្ឌ, គណៈអ៊ឺម៉ាំមាំស្និទ គ្រូបង្រៀន និងសាសនិកឥស្លាមទូទាំងប្រទេសកម្ពុជា ដែលត្រៀមខ្លួនចូលបួស (ការតមអាហារពេលថ្ងៃរយៈពេល ១ខែ) ក្នុងខែរ៉ាម៉ាឌន នៃសាសនិកឥស្លាម ដែលជាបុណ្យធំ របស់ឥស្លាម គ្រោងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានណែនាំចំនួន ៥ចំណុច ដូចខាងក្រោម៖
*ទី១៖ ការពិសារអាហារស្រាយបួស សូមអនុវត្តនៅតាមផ្ទះរៀងៗខ្លួន
*ទី២៖ ការស្រឡាតតារ៉វ៉េះ (ថ្វាយបង្គំពេលយប់ក្នុងខែ រ៉ាម៉ាឌន) សូមធ្វើការជាលក្ខណៈគ្រួសារនៅតាមផ្ទះ
*ទី៣៖ ថ្ងៃបុណ្យយរ៉យ៉ាហ្វិត្រាស់ អនុវត្តសឡាត (ថ្វាយបង្គំ) តាមផ្ទះរៀងខ្លួន មិនចាច់សូត្រឃុតពះក៏បាន
*ទី៤៖ ការដើរសួរសុខគ្នា នៅថ្ងៃរ៉យ៉ាហ្វិត្រាស់ សូមកុំប្រមូលផ្តុំ ហើយរក្សាគម្លាតពីគ្នា
*ទី៥៖ ត្រូវអនុវត្តវិធីបង្ការតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលរួមមាន៖ ការរក្សាអនាម័យ ការលាងដៃនឹងសាប៊ូ អាល់កុល ឬជេល ការពាក់ម៉ាស់ និងចៀសវាងចាប់ដៃគ្នា។
ករណីមានការសង្ស័យ សូមប្រញាប់ទាក់ទងទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើតេស្តរកមេរោគ ទាំងនេះ គឺជាក្បួននៃការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ COVID-19 ដ៏កាចសាហាវនេះ។
ការចេញសេចក្ដីជូនដំណឹងរបស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជូនសាសនិកឥស្លាមនៅទូទាំងប្រទេស ធ្វើឡើងក្រោយប៉ុន្មានថ្ងៃចុងក្រោយ ក្រសួងសុខាភិបាល បានរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ ជាបន្ដបន្ទាប់៕