(ភ្នំពេញ)៖ ក្រុមហ៊ុនអ៊ីអនគ្រុប ដែលមាន អ៊ីអន(ខេមបូឌា)ខូអិលធីឌី, អ៊ីអនម៉ល(ខេមបូឌា)ខូអិលធីឌី, ធនាគារឯកទេស (ខេមបូឌា)ភីអិលស៊ី, អ៊ីអនឌីឡៃ(ខេមបូឌា)ខូអិលធីឌី នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បាននាំយកនូវសម្ភាសអនាម័យ ជាអាកុលមួយចំនួន ជូនដល់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។

តំណាងក្រុមហ៊ុន អ៊ីអនគ្រុប បានថ្លែងថា ស្របពេលដែលការរីករាលដាលនៃជំងឺកូវីត១៩ ដែលជាការព្រួយបារម្ភជាសកលរបស់មនុស្សជាតិ ក្រុមហ៊ុនអ៊ីអន សូមបរិច្ចាគដោយស្មោះអស់ពីចិត្តនូវសម្ភាសអនាម័យ(អាល់កុល)មួយចំនួន សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យ ក្នុងការជួយកាត់បន្ថយការរីករាលដាលនៃជំងឺកូវីត១៩នេះ។

សម្ភារអនាម័យ(អាល់កុល)រួមមាន៖

*អាល់កុលចំណុះ ១០០មីលីលីត្រចំនួន៥៩៤ដប

*អាល់កុលចំណុះ ៥០០០មីលីលីត្រចំនួន២៤០ដប

សម្ភារអនាម័យទាំងអស់ដែលបរិច្ចាគសរុបជាទឹកប្រាក់ គឺមានចំនួន ៨,០២២.៥៦(ប្រាំបីពាន់ ម្ភៃពីរ) ដុល្លារអាមេរិក។

ជាមួយគ្នានោះ តំណាងក្រុមហ៊ុន ក៏បានថ្លែង កោតសរសើរផងដែរចំពោះ គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតទាំងអស់ដែលកំពុងថែរក្សា និងព្យាបាលអ្នកជំងឺដោយសារជំងឺកូវីត១៩ ដោយសេចក្តីស្រលាញ់បរិសុទ្ធ និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ពួកគាត់ ដោយគ្មានការស្ទាក់ស្ទើរ ក្នុងការចំណាយទាំងពេលវេលា និងថាមពល ពួកគាត់ពិតជាមានបេះដូងស្មោះស្ម័គ្រចំពោះប្រជាជាតិ។

ក្នុងឱកាសនោះ នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ បានថ្លែងថា សម្ភារនេះបានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើឱ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19) ឲ្យទទួលបានជោគជ័យកាន់តែឆាប់រហ័ស។

ជំនួយមនុស្សធម៌របស់ក្រុមហ៊ុន គឺសម្រាប់ប្រើប្រាស់ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៃវីរុសកូវីដ១៩នេះ។

ជាពិសេសចូលរួមចំណែកពង្រឹងសមត្ថភាពឆ្លើយតបបន្ទាន់ មិនត្រឹមតែចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាតនៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

លោក ក៏បានថ្លែងអំណរគុណ និងសង្ឃឹមយ៉ាងមុតមាំថា នឹងបន្តផ្តល់ជំនួយមនុស្សធម៌ជាបន្តបន្ទាប់ទៀត ក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីកម្ពុជាជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យទទួលបានជោគជ័យ៕