(ភ្នំពេញ)៖ បើទោះបីជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះកម្ពុជាមិនមានអ្នកកើតមានជំងឺកូវីដ១៩ថ្មីយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែររួមគ្នាទប់ស្កាត់ និងបង្ការកុំឱ្យឆ្លងជំងឺកូវីដ១៩។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវនៅលើទំព័រ Facebook នាព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០យ៉ាងដូច្នេះ «រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិចងចាំ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ធ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ១៩»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកឱ្យប្រជាពលរដ្ឋយកជាប់តាមខ្លួនរាល់ពេលធ្វេីដំណេីរនូវម៉ាស ទឹកអាល់កុល និងជែលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។
សម្តេចតេជោ បានរំលឹកទៀតថា ត្រូវប្រេីម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាលក់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈដែលមិនដឹងថា តើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ឬទេ។
សម្តេចតេជោ បានសង្កត់ថា «យេីងការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ហេីយត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច»។
សូមបញ្ជាក់ថា រយៈពេលប្រមាណជា ៩ថ្ងៃហើយ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះឡើយ។ មកដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១២២នាក់។ ក្នុងនោះព្យាបាលជា ១១០នាក់ ហើយអ្នកកំពុងព្យាបាលនៅសល់តែ ១២នាក់ប៉ុណ្ណោះ។
បើទោះបីកម្ពុជាមិនមានអ្នកឆ្លងថ្មី ហើយការព្យាបាលជាច្រើនយ៉ាងណាក្តី តែក្រសួងសុខាភិបាល នៅតែបន្តផ្តល់ដំបូន្មានដល់ប្រជាពលរដ្ឋបន្តរក្សាស្មារតីប្រុងប្រយ័ត្ន និងថែទាំសុខភាពឱ្យបានខ្ពស់តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។
ក្រសួងបានរំលឹកថា ជំងឺកូវីដ១៩នេះ មិនទាន់ផុតរលត់នៅឡើយទេ ខណៈប្រទេសជាច្រើនក្នុងតំបន់ និងលើពិភពលោក នៅតែរីករាលដាលស្រួចស្រាវនៅឡើយ៕