(កណ្ដាល)៖ បន្ទាប់ពីពលរដ្ឋរអ៊ូរទាំលើបណ្ដាញសង្គម ពីបញ្ហាល្បែងស៊ីសងកើតឡើងយ៉ាងក្រាស់ក្រែលនៅភូមិសាស្ត្រស្រុកស្អាង និងស្រុកកោះធំ ដែលនាំឱ្យកើតបញ្ហាសង្គម បញ្ហាគ្រួសារមិនស្រាកស្រាន្តរួចមក នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានចុះទៅដល់ភូមិសាស្ត្រទាំង ២ស្រុក ដើម្បីពង្រឹងលើការងារ មន្ត្រីថ្នាក់ក្រោមឡើងវិញ ពោលគឺចុះទៅដុសក្អែល ឆ្លុះកញ្ចក់ឱ្យស្អាត ដើម្បីបម្រើសង្គម បម្រើប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
ស្ថិតនៅគ្រាដែលចុះជួបនេះ លោកស្នងការបានជំរុញឱ្យអធិការស្រុកស្អាង និងស្រុកកោះធំ ក៏ដូចជាអធិការគ្រប់ស្រុកក្រុងទាំងអស់ ឱ្យពិនិត្យមន្ត្រី របស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាសេវាបម្រើប្រជាពលរដ្ឋឡើងវិញ ឱ្យបានម៉ត់ចត់ និងមានប្រសិទ្ធភាពខ្ពស់ ឱ្យស្របតាមគោលនយោបាយចំនួន៩ ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ក៏បានសង្កត់ធ្ងន់លើបញ្ហាសារធាតុញៀនផងដែរថា ប្រសិនបើរកឃើញមន្ត្រីណាម្នាក់មានសារធាតុញៀន នៅក្នុងខ្លួន គឺលោកអធិការត្រូវកសាងឯកសារបញ្ជូនមកស្នងការដ្ឋាន ដើម្បីឱ្យការិយាល័យបុគ្គលិក បញ្ជូនឈ្មោះមន្ត្រីពាក់ព័ន្ធនោះទៅក្រសួង ដើម្បីស្នើសុំកាត់ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ និងមួយផ្នែកទៀតចំពោះជនអន្តោប្រវេសន៍វិញ ស្នើឱ្យមានការគ្រប់គ្រងជនអន្តោប្រវេសន៍ ឱ្យបានល្អ និងជាក់លាក់ជាពិសេសគឺស្រុកកោះធំ ព្រោះស្រុកកោះធំ ជាស្រុកដែលជាប់ខ្សែបណ្ដោយព្រំដែន ។
ទន្ទឹមនឹងសារនេះផងដែរ លោកស្នងការក៏បានស្នើរឱ្យតាមបណ្ដាស្រុកក្រុងទាំងអស់ ត្រូវរៀបចំកម្លាំងអន្តរាគមន៍ឱ្យបាន៣០នាក់ ក្នុងមួយអធិការដ្ឋាន ប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីចុះប្រតិបត្តិការ ក្នុងការបង្ការ បង្រ្កាបបទល្មើសផ្សេងៗ ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅសុខសុវត្ថិភាព និងបម្រើសេវាដល់ពលរដ្ឋឱ្យបានល្អប្រសើរ៕