(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា សម្រាប់វិទ្យាល័យ ឬស្សីកែវ មានចំនួន ៨៩បន្ទប់ សម្រាប់ធ្វើចត្តាឡីស័ក ដល់កម្មករ-កម្មការិនី ដែលទើបត្រឡប់មកពីស្រុកកំណើត ក្នុងរយៈពេល១៤ថ្ងៃ។
ជាមួយគ្នានេះ កាលពីថ្ងទី១៩ ខែមេសា ឆ្នាំ២០២០ លោកបានដឹកនាំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ស្ថិតនៅវិទ្យាល័យឬស្សីកែវ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដើម្បីការពារបង្ការ និងទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីដ-១៩។
ការបន្តដឹកនាំក្រុមការងាររបស់លោក ជា ពិសី ដើម្បីចុះបាញ់ថ្នាំសម្លាប់មេរោគ នៅទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ក្រោយពីលោក ចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង សរុបចំនួន ៨៩បន្ទប់ សម្រាប់ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ លើកម្មករកម្មការិនី ដែលទើបវិលត្រលប់មកស្រុកកំណើត ដើម្បីការពារ បង្ការ និងទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីដ-១៩។
លោក ជា ពិសី បានថ្លែងថា ដើម្បីអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារ បង្ការ និងទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីដ-១៩, ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានសម្រេចចុះបាញ់ថ្នាំសម្លាប់មេរោគ នៅទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ចំពោះ កម្មករ-កម្មការិនី ដែលបានវិលត្រឡប់មកពីស្រុកកំណើត ក្រោយពីត្រៀមលក្ខណៈរួចជាស្រេច ដោយជ្រើសយកទីតាំង (វិទ្យាល័យប្ញស្សីកែវ និងសាលាបឋមសិក្សាប្ញស្សីកែវ សរុបចំនួន ៨៩ បន្ទប់) សម្រាប់ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។
លោកអភិបាលខណ្ឌ បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីជៀសវាងពីជំងឺនានា ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ ជំងឺឆ្លង COVID-19 ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។
លោក ជា ពិសី ក៏បានណែនាំអំពីវិធានការមួយចំនួនក្នុងការការពារ បង្ការ និងទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលរួមមាន៖
*ទី១៖ ត្រូវលាងដៃ និងសាប៊ូទឹកស្អាត ឬទឹកអាល់កុលឲ្យបានញឹកញាប់
*ទី២៖ នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់មកលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកស្អាត
*ទី៣៖ ត្រូវកាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ
*ទី៤៖ ត្រូវជៀសវាងការប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើម ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ
*ទី៥៖ ចំពោះអ្នកទើបត្រឡប់មកពីស្រុក ត្រូវរាយការណ៍មកអាជ្ញាធរ ដើម្បីណែនាំឲ្យគាត់នៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈ១៤ថ្ងៃ។
បើមានស្ថានភាពមិនស្រួលក្នុងខ្លួន និងក្រុមគ្រួសារខ្លួន ត្រូវទៅទំនាក់ទំនងជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា៕