(កំពង់ឆ្នាំង)៖ ត្រាក់ទ័រចំនួន ២គ្រឿងទៀត ត្រូវបានសមត្ថកិច្ចចាប់ឃាត់យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកជលគីរី កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ខណៈដែលត្រាក់ទ័រទាំង ២គ្រឿងនេះ កំពុងតែភ្ជួររាស់នៅលើដីស្រែមួយកន្លែង នៅចំណុចកំពុងតាអួរ ស្ថិតក្នុងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ នេះបើតាមការអះអាងរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ដីស្រែ និងអាជ្ញាធរមូលដ្ឋាននៅទីនោះ។
ប្រជាពលរដ្ឋដែលជាម្ចាស់ដីស្រែ បានឲ្យដឹងថា ស្រែទាំងអស់ខាងលើនេះ គឺពួកគាត់បានអាស្រ័យផលតាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ គឺធ្វើជារៀងរាល់ឆ្នាំ ពុំដែលខានមួយឆ្នាំណានោះទេ ដោយឆ្នាំខ្លះបានភ្ជួររាស់នឹងគោក្របីឆ្នាំខ្លះ ភ្ជួររាស់និងគោយន្ត តែប៉ុន្មានឆ្នាំចុងក្រោយនេះ គឺពួកគាត់បានជួលត្រាក់ទ័រមកភ្ជួរ ព្រោះខ្លាចមិនទាន់ទឹកភ្លៀង។
ដោយឡែកប្រជាពលរដ្ឋ ដែលជាម្ចាស់ត្រាក់ទ័រ ក៏បានឱ្យដឹងដែរថា នៅថ្ងៃដែលសមត្ថកិច្ចមកចាប់ឃាត់ត្រាក់ទ័រទាំង ២គ្រឿងរបស់ពួកគាត់ខាងលើ គឺប្រជាពលរដ្ឋដែលជាម្ចាស់ស្រែ បានជួលត្រាក់ទ័រពួកគាត់ទាំង ២គ្រឿងនេះ ដើម្បីយកមកភ្ជួររាស់បង្រៀបដីស្រែហាលទុក ឱ្យទាន់ទឹកឡើងនៅរដូវសម្រកវិញ ពួកគាត់នឹងចាប់ផ្ដើមសាបព្រួសតែម្ដង។ ការភ្ជួររាស់នេះ ក៏ពួកគាត់បានដាក់សំណើរសុំច្បាប់ភ្ជួររាស់ដីស្រែ ទៅដល់ថ្នាក់ខេត្តរួចរាល់ ហើយលិខិតស្នើសុំអនុញ្ញាតភ្ជួររាស់ដីស្រែខាងលើ ក៏មកដល់ដៃពួកគាត់ហើយដែរ នៅតែយកឲ្យមន្ត្រីជំនាញពិនិត្យ និងសម្រេចតែប៉ុណ្ណោះ។
តែដោយសារតែភ្លៀងធ្លាក់ជោគជាំទឹកលិចទើបពួកគាត់ក៏ចាប់ផ្ដើមយកត្រាក់ទ័រ មកភ្ជួររជាបណ្ដើរៗមុនសិន ខ្លាចក្រែងមិនអាចចូលគ្រឿងចក្រមកភ្ជួររាស់បាន។ ម្យ៉ាងទៀតដោយពួកគាត់បាន ឃើញស្ថានភាពដីនៅទីនេះ គឺមិនមែនជាដីព្រៃលិចទឹកនោះទេ គឺជាដីស្រែរបស់ប្រជាពលរដ្ឋសុទ្ធសាធ ដែលពួកគាត់ធ្លាប់បានអាស្រ័យផលជារៀងរាល់ឆ្នាំ ដោយមានទាំងជញ្ជ្រាំងស្រូវផងនោះ ទើបពួកគាត់ហ៊ានយកត្រាក់ទ័រមកធ្វើការភ្ជួររាស់លើដីនេះ ហើយក៏ត្រូវបានសមត្ថកិច្ចចុះមកចាប់ឃាត់យកត្រាក់ទ័ររបស់គាត់ទាំង២ គ្រឿងតែម្ដងទៅ។
ពួកគាត់ក៏បានសុំសំណូមពរដល់អាជ្ញាធរ មន្ត្រីជំនាញ និងស្ថាប័នតុលាការ សូមមេត្តាប្រគល់ត្រាក់ទ័រទាំង២គ្រឿង មកឱ្យពួកគាត់វិញ ដើម្បីយកទៅរកស៊ីចិញ្ចឹមជីវិតជាបន្តទៀត និងសុំឲ្យមានការលើកលែងការចោទប្រកាន់ដល់ពួកគាត់ដោយអនុគ្រោះផង។
ជុំវិញករណីខាងលើនេះដែរ នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង ដែលបានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅឃាត់គ្រឿងចក្រដោយផ្ទាល់កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ បានឲ្យដឹងថា ករណីនេះលោកបានឲ្យមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនមកខាងតុលាការហើយ ឯការចោទពីបទអីនោះអាស្រ័យទៅលើមន្ត្រីជំនាញជាអ្នកចោទ។
ដោយឡែកខាងស្ថាប័នតុលាការ លោកមិនទាន់ដឹងថារឿងនេះ ព្រះរាជអាជ្ញាធំចាត់ចែងឲ្យព្រះរាជអាជ្ញារងរូបណាជាអ្នកកាន់ក្តីនេះនៅឡើយទេ ដូច្នេះលោកពុំទាន់ដឹងថាត្រូវចោទពីបទអី រង់ចាំមន្ត្រីជំនាញ កសាងសំណុំរឿងឡើងមកសិន។
ទាក់ទងនឹងបញ្ហាខាងលើនេះដែរ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ គណៈបញ្ជារការឯកភាពរដ្ឋបាលស្រុកជលគីរី ក៏បានបង្កើតគណៈកម្មការចម្រុះមួយ ដែលមានសមាសភាពចូលរួម ពីកងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព អាជ្ញាធរភូមិឃុំ សហគមន៍មន្ត្រីជំនាញជលផល ដែលដឹកនាំដោយលោកអភិបាលរងស្រុកជលគីរី បានចុះទៅពិនិត្យលើទីតាំងដីជាក់ស្ដែង និងវាយតម្លៃស្ថានភាពដីនៅទីនោះថាតើការភ្ជួររាស់ខាងលើ តើមានផលប៉ះពាល់ទៅលើដីព្រៃលិចទឹកបស់រដ្ឋដែរឬទេ ឬក៏ភ្ជួររាស់ដីស្រែរបស់ប្រជាពលរដ្ឋ ដែលគាត់ធ្លាប់អាស្រ័យ ផលជាយូរមកហើយ។
លទ្ធផល នៃការវាយ តម្លៃរបស់ក្រុមចម្រុះទាំងអស់រួមមានអាជ្ញាធរភូមិឃុំ ប្រធានសហគមន៍ មន្ត្រីជំនាញជលផល អភិបាលរងស្រុករួមទាំងកងកម្លាំង ប្រដាប់អាវុធ២អង្គភាព ដែលមានអង្គភាពសឹករងស្រុក និងអង្គភាពអធិការនគរបាលស្រុក ដែលបានចុះទៅឃាត់គ្រឿងចក្រដោយផ្ទាល់ជាមួយនិងលោកព្រះរាជអាជ្ញារង ក៏បានអះអាងដូចគ្នាថា ដីដែលគ្រឿងចក្រទាំងពីរគ្រឿងឈូសឆាយខាងលើនេះគឺជាដីស្រែរបស់ប្រជាពលរដ្ឋ មិនមែនជាដីព្រៃលិចទឹកនោះឡើយ។
មន្ត្រីជំនាញជលផល ក៏បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសាឆ្នាំ ២០២០នេះដែរថា ក្នុងករណីដែលប្រជាពលរដ្ឋភ្ជួររាស់ដីស្រែរបស់ពួកគាត់ដែលធ្លាប់អាស្រ័យផលមកហើយនោះ បើទោះជាមិនសុំច្បាប់ក៏ពួកគាត់អាចធ្វើបានដែរ លើកលែងតែការរុករានទន្ទ្រានដីព្រៃរបស់រដ្ឋទើបជាការខុសច្បាប់។
ចំពោះការធ្វើស្រែ ក៏ត្រូវតែសុំច្បាប់ដែរនោះគឺមិនមានទេ ប្រជាពលរដ្ឋមានសិទ្ធិធ្វើស្រែចំការរបស់ខ្លួនបានដោយមិនបាច់សុំច្បាប់អ្វីទាំងអស់ តែរឿងដែលតម្រូវឲ្យមានការសុំច្បាប់នោះ ខ្លាចក្រែងពួកគាត់យកគ្រឿងចក្រទៅឈូសឆាយដីស្រែរបស់គាត់ដែលប៉ះពាល់ដល់ដីរបស់រដ្ឋតែប៉ុណ្ណោះ។
ដូច្នេះជំនាញត្រូវតែចុះត្រួតពិនិត្យសិនមុននឹងពួកគាត់ឈូសឆាយដីនោះ ប៉ុន្តែដូចករណីខាងលើនេះប្រសិនបើ គណៈកម្មការចម្រុះបានរកឃើញថា ពួកគាត់បានភ្ជួររាស់លើដីស្រែរបស់ពួកគាត់ទេនោះ គឺពុំខុសច្បាប់អ្វីឡើយ៕