(កណ្ដាល)៖ ក្រុមនិស្សិតមូស្លីមស្ម័គ្រចិត្ត បានប្ដេជ្ញាថា នឹងនៅតែជួយផ្សព្វផ្សាយពីបញ្ហាជម្ងឺកូវីដ១៩ (COVID-19) ដល់សហគមន៍ឥស្លាមកម្ពុជា តបតាមការអំពាវនាវរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។
លោក មីហ្សាន ពុក្រី ប្រធានក្រុមនិស្សិតមូស្លីមស្ម័គ្រចិត្តជួយសង្គម បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២១ ខែមេសានេះថា ក្រុមនិស្សិតរបស់ខ្លួននឹងនៅតែបន្ត ជួយផ្សព្វផ្សាយដល់បណ្ដាភូមិនីមួយៗ ឱ្យយល់ដឹងកាន់តែច្បាស់ពីវិធានការការពារ ការរីករាលដាលវីរុសកូវីដ១៩ ដើម្បីបញ្ជៀសហានិភ័យផ្សេងៗ ពោលគឺចូលរួមធ្វើយ៉ាងណា ពន្យល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ រក្សាអនាម័យជាប្រចាំ ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ជែល ឬអាល់កុល ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងពិសេសមានការពាក់ម៉ាស និងកុំប្រមូលផ្ដុំគ្នាជាដើម។
លោក ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមយុវជនមូស្លីមនៅតែបន្តជួយតាមសមត្ថភាព ហើយត្រូវប្រុងប្រយ័ត្នខ្លួនឱ្យបានខ្ពស់ ចៀសវាងបញ្ហាកើតឡើងជាយថាហេតុ។
ក្នុងជំនួបនេះដែរ លោក មីហ្សាន ពុក្រី តំណាងនិស្សិតមូស្លីមកម្ពុជា បានជម្រាបជូនអង្គប្រជុំថា យុវជននិស្សិតខ្មែរកាន់សាសនាឥស្លាម បានគាំទ្រយ៉ាងពេញទំហឹងនូវគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងជំងឺឆ្លងដ៏កាចសាហាវនេះ ហើយយុវជនស្ម័គ្រចិត្តបន្តការងារជួយផ្សព្វផ្សាយអំពីបញ្ហាជំងឺឆ្លង នៅតាមសហគមន៍បន្ថែមទៀត ជាពិសេសក្នុងខែរ៉ាមាឌន ដែលជាខែពិសិទ្ឋ នៃសាសនិកឥស្លាម នឹងចូលមកដល់ឆាប់ៗនេះផងដែរ ខណៈដែលពួកគាត់បានត្រៀមខ្លួនទទួលខែដ៏ពិសិទ្ឋ ហើយនឹងត្រៀមខ្លួនអនុវត្តធ្វើនៅផ្ទះរៀងៗខ្លួន រង់ចាំសេចក្ដីប្រកាសជាបន្តបន្ទាប់ពីក្រសួងសុខាភិបាល ទាក់ទងសភាពការណ៍បច្ចុប្បន្នជំងឺកូវីដ១៩។
ក្នុងឱកាសនេះដែរ ប្រធានអង្គប្រជុំ បានថ្លែងអំនរគុណ និងលើកទឹកចិត្តយុវជនខ្មែរ កាន់សាសនាឥស្លាម មានឆន្ទៈខ្ពស់ក្នុងការងារជួយសង្គម និងជាពិសេសប្អូនៗ ដែលជាពេទ្យស្ម័គ្រចិត្ត ក្នុងសមរភូមិជួរមុខជួយព្យាបាលអ្នកជំងឺដែលកម្ពុជា កំពុងជួបប្រទេះដូចពិភពលោកដែរ ខណៈដែលកម្ពុជា អាចគ្រប់គ្រងបានល្អប្រសើរ ហើយអ្នកជាសះស្បើយកាន់តែមានច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ៕