(ភ្នំពេញ)៖ និស្សិតអាមេរិកមានដើមកំណើតខ្មែរ សម រ៉ាន់ដា ដែលជាជ័យលាភីលេខ១ ក្នុងចំណោមគូប្រជែងជាង២លាននាក់ នៅក្នុងការប្រកួតប្រជែងផ្នែកគណិតវិទ្យា នៅសហរដ្ឋអាមេរិក បានមកធ្វើទស្សនកិច្ចនៅ សាកលវិទ្យាល័យដ៏ល្បីនៅស្រុកខែ្មរ គឺសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដើម្បីចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួនជាមួយនឹងនិស្សិតខែ្មរ។
នៅក្នុងជំនួបជាមួយនិស្សិត AUPP រ៉ាន់ដា បានបកស្រាយប្រាប់នូវរបៀបរៀនយ៉ាងដូចមេ្តចដើម្បីទទួលបានជោគជ័យក្នុងការស្វែងរកអាហារូបករណ៍ដែលពោរពេញដោយការប្រកួតប្រជែងយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក ។
និស្សិតឆ្នើមចេញពីរដ្ឋ Texas រូបនេះ បានទទួលអាហារូបករណ៍សម្រាប់ការសិក្សាមួយជីវិត ពីមូលនិធិមហាសេដ្ឋី ប៊ីល ហ្កេត (Bill Gates Foundation) ហើយបច្ចុប្បន្ន កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាផែ្នកជីវសាស្រ្ត និងពាណិជ្ជសាស្រ្ត នៅសាលាពាណិជ្ជ វ៉តថុន (Wharton Business School) នៃសាកលវិទ្យាល័យ ភិនស៊ីលវេនីញា (University of Pennsylvania) ដែលជាសាលាពាណិជ្ជសាស្រ្តលំដាប់លេខ១ លើពិភពលោក។
រ៉ាន់ដា ក៏បានផ្តល់នូវគន្លឹះមួយចំនួនដល់និស្សិតឆ្នើមៗរបស់ AUPP រួមទាំង លឹម ម៉េងសាយ ផង ដែលជានិស្សិតឆ្នើមគណិតវិទ្យាចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១៥ នៅកម្ពុជា អំពីថាតើពួកគេគួរធ្វើដូចម្តេចដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក ។
នៅក្នុងសបា្តហ៍នេះដែរ និស្សិតសាកលវិទ្យាល័យ California State University-Long Beach (CSULB) ចំនួន ១៥ នាក់ ក៏បានធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ AUPP ដើម្បីចែករំលែកនូវបទពិសោធន៍នៃការសិស្សាទៅវិញទៅមក ហើយបានកោតសរសើរចំពោះសមត្ថភាពនិងកម្រឹតយល់ដឹងខ្ពស់របស់និស្សិតAUPP ។
CSULB ជាដៃគូជាមួយ AUPP លើកម្មវិធីសិក្សាភាសាអង់គ្លេស (American Language Institute-ALI) ។
AUPP កំពុងក្លាយជាសាកលវិទ្យាល័យនាំមុខគេលើគុណភាពនៅកម្ពុជា ហើយក៏កំពុងពង្រីកនូវដៃគូជាមួយសាកលវិទ្យាល័យល្បីៗជាច្រើនទៀតនៅជុំវិញពិភពលោក៕