(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ នឹងរៀបចំសន្និសីទសារព័ត៌មានពីរ ដោយនៅពេលព្រឹក ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល» លុះពេលរសៀល ស្ដីពី «បច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់សហគមន៍ខ្មែរឥស្លាម» នៅជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សន្និសីទនេះ មានគោលបំណង ជម្រាបជូនសាធារណជនឲ្យបានជ្រាប អំពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ ក្នុងសហគមន៍ខ្មែរឥស្លាម ក្នុងកិច្ចចូលរួមចំណែកដ៏សកម្ម ជាមួយនឹងវិធានការអនុវត្តរបស់រាជរដ្ឋាភិបាល និងការត្រៀមខ្លួនក្នុងការទទួលបួសរ៉ាម៉ាឌន ដើម្បីបង្ការ ការពារ ទប់ស្កាត់ការរាតត្បាតកូវីដ១៩។
មួយវិញទៀត ក៏បង្ហាញជូនសាធារណៈឲ្យបានយល់ច្បាស់ពីសកម្មភាពសមិទ្ធផល និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅ នឹងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ នឹងមានការអញ្ជើញចូលរួមជាវាគ្មិនពី លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស។ ដោយឡែកពាក់ព័ន្ធក្រសួងរ៉ែ និងថាមពលក៏មានការចូលរួមបកស្រាយពី តំណាងក្រសួងមួយនេះផងដែរ៕