(ភ្នំពេញ)៖ ដោយបានទទួលការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខដំណែងថ្មី ដល់នាយទាហានចំនួន១០រូប ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
នាយទាហានដែលត្រូវបានតែងតាំងមុខដំណែងថ្មី រួមមាន៖
- លោកវរសេនីយ៍ទោ ចាន់ ហេង ប្រធានមន្ទីរយុត្តិធម៌ ត្រូវបានតែងតាំងជា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ
- លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ត្រូវបានតែងតាំងជា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបឹងកេងកង ជំនួសលោកវរសេសនីឯក ឃួន សំអុល ដែលបានផ្លាស់ប្តូរទៅជា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រៃវែង។
- និងនាយទាហាន 08រូបផ្សេងទៀត ត្រូវបានតែងតាំងជាមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំនួននពីរ គឺខណ្ឌកំបូលនិងខណ្ឌបឹងកេងកង
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ ផ្តាំផ្ញើដល់ដល់នាយទាហានដែលទើបចូលកាន់មុខតំណែងថ្មីទាំង១០រូប ត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ ដើម្បីជាការឆ្លើយតបទៅនឹងជំនឿទុកចិត្តរបស់ថ្នាក់ដឹកនាំ និងត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរពច្បាប់ គោរពសិទ្ធមនុស្ស និងបទបញ្ជាទាំងឡាយរបស់ថ្នាក់លើ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់។
ក្រោយពេលបញ្ចប់កម្មវិធី លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់សម្ភារៈបង្កាទប់ស្កាត់និងសម្លាប់មេរោគ រួមមានទូរបាញ់ថ្នាំសម្លាប់មេរោគ ដែលបានច្នៃប្រឌិតផលិតដោយខ្លួនឯង, ទឹកអាកុលសម្លាប់មេរោគ, ខោអាវការពារ, ម៉ាស, វែនតា, របាំងមុខ ព្រមទាំងភេសជ្ជៈ M-150 ជូនដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ សម្រាប់យកទៅប្រើប្រាស់ក្នុងយុទ្ធនាការ ប្រឆាំងទប់ស្កាតការរីករាលដាលនូវជំងឺឆ្លង កូវីដ១៩។ ការយកចិត្តទុកដាក់ ផ្តល់ជូននូវសម្ភារៈបង្កាទប់ស្កាត់និងសម្លាប់មេរោគ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ជូនដល់មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤នេះ គឺពុំមែនជាលើកទី១ទេ ដោយកន្លងមក លោកបានអប់រំណែនាំនិងផ្តល់សម្ភារៈជូនជាហូរហែរ ដូចជាបានផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និង បើកចែកនូវធុងបាញ់ថ្នាំសម្លាប់មេរោគដល់បណ្តាមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ដោយភ្ជាប់ជាមួយ ទឹកថ្នាំសម្លាប់មេរោគ សាប៊ូលាងដៃ ក្រដាស់ជូតដៃ ស្រោមដៃ ម៉ាស និងត្រីខ គ្រប់ៗខណ្ឌ ព្រមទាំងបាននាំយកស្បៀងអាហារ សម្ភារៈរក្សាអនាម័យមួយចំនួនទៅចែកជូនដល់ពលរដ្ឋក្រីក្រ១០១គ្រួសារ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានទទួលការអនុញ្ញាតពីលោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា លោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានរៀបចំម៉ូតូកង់បី១២គ្រឿង បំពាក់ដោយគ្រឿងបំពងសម្លេង ចុះសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធចម្រុះ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់ប្រជាជន មហាជន តាមបណ្ដាមូលដ្ឋានភូមសង្កាត់ក្នុងខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ រយៈពេល២សប្ដាហ៍រួចមកហើយផងដែរ៕