(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យ និងណែនាំពីវិធានការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ វិទ្យាស្ថានទ័ពជើងគោក និងសាលានាយទាហានសកម្ម។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដល់នាយទាហាន ពលទាហាន ពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបយោធិនទាំងអស់ មិនថាតែនៅទីនោះទេ ពោលគឺនៅគ្រប់ទីបញ្ជាការទាំងអស់នៅទូទាំងប្រទេស សូមមានក្ដីសុខ ចៀសផុតពីជំងឺដង្កាត់ទាំងឡាយ និងសូមមានសុខភាពល្អ គ្រប់ៗគ្នា។
នាយឧត្តមសេនីយ៍ បានលើកឡើងថា ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព នៃការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាព ការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាលក៏មានការរីកចម្រើនខ្លាំង មានឧបករណ៍ទំនើបៗ ក្រុមគ្រូពេទ្យមានជំនាញសមត្ថភាពខ្ពស់ ដែលអាចទ្រគ្រប់ស្ថានការណ៍ នៃបញ្ហាជំងឺទាំងអស់មិនថា COVID-19 ឡើយ ពោលគឺជំងឺធ្ងន់ជាងនេះ ក៏ពេទ្យស្រុកខ្មែរអាចមើលជាសះស្បើយ។ ដូច្នេះ សូមនាយទាហាន ពលទាហានទាំងអស់ កុំមានការព្រួយបារម្ភណ៍ឡើយ អ្វីដែលសំខាន់ គឺខ្លួនយើងផ្ទាល់ត្រូវការពារខ្លួន អនាម័យជាប្រចាំ ពិសេសបើមានករណីសង្ស័យណាមួយ ឬមិនស្រួលខ្លួន សូមប្រញាប់រួសរាន់ទៅមន្ទីរពេទ្យបង្អែកនៅជិតផ្ទះបំផុត ដើម្បីពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា៕