(ព្រះសីហនុ)៖ យុទ្ធនាការផ្សព្វផ្សាយនេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយស្ថាប័នមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីតជាមួយអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរផ្លូវគោក រួមជាមួយអាជា្ញធរមូលដ្ឋានខេត្តព្រះសីហនុ ដែលមានសមាសភាពចូលរួម ពីបុគ្គលិកហត្ថាកសិករនិងមន្ត្រីពាក់ព័ន្ធប្រមាណ ៣០០នាក់ បានស្ម័គ្រចឹត្តធ្វើសកម្មភាពជួយផ្សព្វផ្សាយ ចែកជូននូវលិខិតប័ណ្ណអប់រំពីច្បាប់ចរាចរណ៍ថ្មី ឲ្យយល់ដឹងលើការប្រើប្រាស់ផ្លូវ និងវិធីប្រើប្រាស់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ នៅចំណុចគោលដៅសំខាន់ៗ តាមដងផ្លូវសាធារណៈក្នុងទីប្រជុំជនក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។
ហើយសកម្មភាពនេះធ្វើឡើងដើម្បីបំផុសស្មារតី និងលើកកម្ពស់ការយល់ដឹងពីការពាក់មួកសុវត្ថិភាព និងផលវិបាកនៃគ្រោះថ្នាក់ចរាចរ ដែលច្បាប់ចរាចរផ្លូវគោកថ្មីបានចេញអនុវត្តន៍ច្បាប់ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ នគរបាលចរាចរនិងធ្វើការពិន័យ១៥០០០រៀល ចំពោះជនណាដែលមិនបានពាក់មួកសុវត្ថិភាព ដែលអ្នកបើកបរទោចក្រយានយន្ត និងអ្នករួមដំណើរ ព្រមទាំងកុមារដែលមានអាយុចាប់ពី ៣ឆ្នាំឡើង ត្រូវពាក់មួកសុវត្ថិភាព អោយបានត្រឹមត្រូវតាមមាត្រា៨ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ។
លោក ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកហត្ថាកសិករ លីមីតធីត ដែលមានវត្តមានក្នុងឱកាសនោះបានអោយដឹងថា បញ្ហាគ្រោះថ្នាក់ចរាចរនៅតែជាកង្វល់របស់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ហើយបើយោងតាមទិន្នន័យរបស់ អង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរផ្លូវគោក (cry) បានបង្ហាញថា គ្រោះថ្នាក់ចរាចរ នៅឆ្នាំ២០១៥ មាន ៤,៥៩៥ករណី ចំនួននេះមានកំរឹតខ្ពស់បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសនៅក្នុងតំបន់។ ហើយជនរងគ្រោះភាគច្រើន គឺជាអ្នកបើកបរ ឫធ្វើដំណើរតាមទោចក្រយានយន្ត ដែលមិនបានប្រើប្រាស់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវការពាក់មួកសុវត្ថិភាព គឺជាតត្តាសំខាន់បំផុតដែលគ្រប់ៗគ្នា ត្រូវតែពាក់មួកសុវត្ថិភាពដើម្បីជីវិតរបស់ខ្លួនក្នុងពេលបើកបរ ត្រូវតែពាក់មួកសុវត្តិភាព៕