(ព្រៃវែង)៖ ពលករដែលទើបត្រឡប់មកស្រុកកំណើត ក្នុងខេត្តព្រៃវែងចំនួន ២១០នាក់ ដែលត្រូវដាក់ដោយឡែក ១៤ថ្ងៃ ដើម្បីតាមដានការឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ ទទួលបានការឧបត្ថម្ភ និងផ្គត់ផ្គង់ស្បៀងអាហារ ពីអាជ្ញាធរខេត្ត។
គណៈកម្មការទទួលពលករមកពីប្រទេសថៃ ឆ្លងដែនចូលមកតាមច្រកព្រំដែនដូង ខេត្តបាត់ដំបង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដឹកនាំដោយ លោកចាន់ ថា អភិបាលរងខេត្តព្រៃវែង បានបង្ហាញថា គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ មេសា ឆ្នាំ២០២០នេះ ក្រុមការងារបានដឹកជញ្ជូនពលករ មកស្រុកកំណើត ចំនួន២១០នាក់ ស្រី៧៧នាក់ ទៅកាន់ស្រុកកំណើត ហើយបានដាក់ដោយឡែក តាមសាលារៀនជិតផ្ទះ រយៈពេល១៤ថ្ងៃ ហើយដើម្បីសម្រួលដល់ពួកគាត់ខ្វះខាតនោះ អាជ្ញាធរខេត្តបានបែងចែកស្បៀងអាហារ អង្ករ សម្ភារ ប្រើប្រាស់ជូនពួកគាត់។
បើតាមមន្ត្រីគណកម្មការទទួលខុសត្រូវពលករមកពីប្រទេសថៃ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ធ្វើពលករចំណាកស្រុក នៅប្រទេសថៃ បានវិលត្រឡប់មកស្រុកកំណើតវិញ ហើយបានរៀបចំទុកពួកគាត់ដោយឡែករយៈពេល ១៤ថ្ងៃ ឆ្ងាយពីក្រុមគ្រួសារ ត្រូវបានទទួលស្បៀងអាហារ សម្ភារ ប្រើប្រាស់ ពីអាជ្ញាធរខេត្តផងដែរ ដើម្បីរួមគ្នាទប់ស្កាត់នៃការរីរាលដាលជំងឺកូវីដ១៩។
មន្ត្រីគណៈកម្មការទទួលពលករ បានឲ្យដឹងទៀតថា ក្នុងចំណោមពលករទាំងនោះ រួមាន៖
*១៖ ស្វាយអន្ទរ ៦៦ នាក់ ស្រី២៤នាក់
*២៖ កញ្ជ្រៀច ៣១ នាក់ ស្រី០៩នាក់
*៣៖ កំចាយមារ ២៤ នាក់ ស្រី១១នាក់
*៤៖ ពោធិ៍រៀង ៤ នាក់ ស្រីម្នាក់
*៥៖ ស៉ីធរកណ្ដាល ១០ នាក់ ស្រី៥នាក់
*៦៖ ព្រះស្តេច ៤ នាក់ ស្រី១នាក់
*៧៖ បារភ្នំ ប្រុស២នាក់
*៨៖ មេសាង១៦នាក់ ស្រី ៣នាក់
*៩៖ ពាមរក៍ ១០នាក់ ស្រី ១នាក់
*១០៖ ពាមជរ៍ ១នាក់ ភេទស្រី
*១១៖ ពារាំង១៨នាក់ ស្រី ៩នាក់
*១២៖ កំពង់ត្របែក ១១នាក់ ស្រី ៦នាក់
*១៣៖ ក្រុងព្រៃវែង ១៣នាក់ ស្រី៦នាក់។
មន្ត្រីដដែលបានបន្តថា ក្រោយពីពួកគាត់វិលត្រឡប់មកវិញ គណៈកម្មការដឹកជញ្ជួនពួកគាត់ទៅរស់នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីត្រួតពិនិត្យសុខភាពវាស់កម្តៅម្នាក់ ក្រោម៣៧អង្សា ហើយក្រៅពីនេះ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត បានចុះទៅសួរសុខទុក្ខដោយផ្ទាល់ នាំយកអំណោយចែកជូនពួកគាត់ និងផ្តល់នូវភាពកក់ក្តៅ ជាមួយពួកគាត់ ប្រឹងថែរក្សាសុខភាពឲ្យគេចផុតពីកូវីដ១៩ ទាំងអស់គ្នា ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល៕