(បាត់ដំបង)៖ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០នេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបាត់ដំបង អាណត្តិទី ២ បាននាំយកអំណោយ ជាម៉ាស់ ទឹកអាល់កុលជេលលាងដៃ និងម្សៅសាប៊ូរបស់លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ចុះជួយសម្របសម្រួល គាំទ្រឧបត្ថម្ភ ដល់សកម្មភាពយុវជនក្នុង ខេត្តបាត់ដំបង ជូនដល់សាកលវិទ្យាល័យបាត់ដំបង ដើម្បីគាំទ្រដល់យុទ្ធនាការទប់ស្កាត់ការរាតត្បាតនៃជំងឺរលាកសួត កូវីដ ១៩ នៅក្នុងខេត្តបាត់ដំបង។
នៅក្នុងពិធីនេះផងដែរ លោក ងួន រតនៈ បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំដល់គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ បុគ្គលិក មន្រ្តីរាជការ និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យបាត់ដំបង។ លោកក៏បានមានប្រសាសន៍ផងដែរថា អំណោយនេះនឹងរួមចំណែកជួយដល់គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ បុគ្គលិក មន្រ្តីរាជការ និងនិស្សិតនៅក្នុងយុទ្ធនាការទប់ស្កាត់ការរាតត្បាតនៃជំងឺរលាកសួត កូវីដ ១៩ នៅក្នុងសាកលវិទ្យាល័យបាត់ដំបង និងខេត្តបាត់ដំបងយើងទាំងមូល។
លោកស្រី សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់លោកសន្តិបណ្ឌិត សុខ ផលនិង លោកអភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខមាលភាពរបស់គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ បុគ្គលិក មន្រ្តីរាជការ និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យបាត់ដំបង និងប្រជាពលរដ្ឋខ្មែរទាំងអស់។
ឆ្លៀតនៅក្នុងពិធីនេះផងដែរលោកស្រី សៀង ឯមទទឹម បានប្រគល់ថវិកា ចំនួន ១៥០០ដុលា្លអាមេរិក របស់លោក លី គង់រីនណា (ហៅលោក John Smith) ទីប្រឹក្សារបស់លោកស្រីសាកលវិទ្យាធិការ ដែលកំពុងបំរើការងារ នៅប្រទេសណូវែលហ្សឺឡង់ បរិច្ចាគជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រើប្រាស់ក្នុងសកម្មភាពទប់ស្កាត់ជំងឺ កូវីដ១៩។
សូមបញ្ជាក់ផងដែរ ថាសាកលវិទ្យាល័យបាត់ដំបង ជាសាកលវិទ្យាល័យរដ្ឋធំជាងគេមួយ ក្រោមអាណាព្យាបាលនៃក្រសួងអប់រំ យុវជន និងកីឡា នៅភាគពាយព្យនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិតស្ថាបនាឡើងដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្នុងឆ្នាំ ២០០៧៕