(កណ្ដាល)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តចំនួន ៣គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឱ្យរបួសមនុស្ស៥នាក់រងរបួស ក្នុងនោះមានជនជាតិជប៉ុន២នាក់ និងខ្មែរ៣នាក់។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតតឡើងកាលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ២១-២២ ត្រង់ចំណុចមុខឡឥដ្ឋព្រាបកុយ ស្ថិតនៅក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះទាំង ៥នាក់រួមមាន៖ ឈ្មោះ ងិន សុខនឿន ភេទប្រុស អាយុ៣១ឆ្នាំ ដោយមានរួមដំណើរចំនួន៤នាក់ ឈ្មោះខន សុភា ភេទស្រី អាយុ២៣ឆ្នាំ, ឈ្មោះ ហេង ស្រីម៉ៅ ភេទស្រី អាយុ៣២ឆ្នាំ,ឈ្មោះ ម៉ា ស៊ុគូជិ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិជប៉ុន ,ឈ្មោះហ៊ិ កាវ៉ាស៊ីកា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិជប៉ុន។
បើតាមនគរបាលបានឱ្យភ្នាក់ងារ Fresh News ដឹងនៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា នៅថ្ងៃកើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាក តាកូមា ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2AT 3757 បើកបរដោយឈ្មោះ ហ៊ត់ តៃហឿន ភេទប្រុស អាយុ៣៨ឆ្នាំ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងទៅលិច ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក RANGER ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2AV 9582 បើកបរដោយឈ្មោះ សូត្រ សុធារ័ត្ន ភេទប្រុសអាយុ៣៧ឆ្នាំ ធ្វើដំណើរស្របទិសគ្នា ហើយបានមកបុករថយន្តតាកូមាពីក្រោយបណ្ដាលឱ្យរថយន្តតាកូម៉ាខ្ទាតទៅដល់ខាងលិចស្របពេលនោះ ដែរក៏មានរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX 300 មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2P1089 បើកបរដោយឈ្មោះ ងិន សុខនឿន បើកបញ្រ្ចាសទិសគ្នា បុកចំពេញទំហឹងបណ្ដាលឱ្យរបួសមនុស្សទាំងអស់គ្នាឡានតែម្ដង។
ក្រោយពីទទួលព័ត៌មាន កំលាំងប៉ុស្តិ៍ព្រែកអញ្ចាញ និងកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង ហើយបានយករថយន្តទាំង៣ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ នគរបាលបញ្ជាក់ថា យោងតាមការសេចក្ដីសន្និដ្ឋាន អ្នកបើកបររថយន្តតាកូមា បើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន រីឯរថយន្ត RANGER បើកបរលឿនក្នុងទីប្រជុំជន៕