(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គម Facebook ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យខេត្ត-រាជធានី សាកល្បងឲ្យប្រជាជនគ្រប់គ្រងផ្សារដោយខ្លួនឯងវិញ។ ចំណែកឯរឿងទិញដីច្រើនតំណគ្នា ក៏នឹងត្រូវដោះស្រាយតាមបែបករណីឡាន និងម៉ូតូដែរ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរបញ្ជាក់យ៉ាងដូច្នេះនៅលើ Facebook ថា៖ «សម្តេច ហ៊ុន សែន ស្នើឲ្យខេត្ត រាជធានី សាកល្បងឲ្យប្រជាជនគ្រប់គ្រងផ្សារដោយខ្លួនឯងវិញ។ ពេលនេះរឿងទិញដីច្រើនតំណ ក៏នឹងដោះស្រាយតាមបែប រឿងឡាន និង ម៉ូតូដែរ»។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ បានប្រកាសដោយអនុញ្ញាតឲ្យម្ចាស់រថយន្ត និងម៉ូតូទាំងអស់ មិនចាំបាច់បញ្ជាក់ពីម្ចាស់ដើម បើទិញតពីគេហើយ។ ការប្រកាសបែបនេះធ្វើឡើងដោយឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ នៅលើបណ្តាញសង្គម Facebook។
យ៉ាងណាក៏ដោយ នៅមិនទាន់មានការអត្ថាធិប្បាយច្បាស់លាស់យ៉ាងណានៅឡើយទេ ពីសំណាក់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជុំវិញការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ស្តីពីស្នើឲ្យខេត្ត-រាជធានីសាកល្បងឲ្យប្រជាជនគ្រប់គ្រងផ្សារដោយខ្លួនឯងវិញ។ ចំណែកឯរឿងទិញដីច្រើនតំណតទៅគ្នា ក៏នឹងត្រូវដោះស្រាយតាមបែប រឿងឡាននិងម៉ូតូនៅឡើយ ដែលអង្គភាព Fresh News បានទាក់ទង តែគ្មានការឆ្លើយតប៕