(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានផ្ញើលិខិតអបអរសាទរចំពោះសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលត្រូវបានរាជរដ្ឋាភិបាល សម្រេចអនុញ្ញាតឲ្យរដ្ឋបាលរាជធានីភ្នំពេញ ប្រសិទ្ធនាមផ្លូវ២០០៤ ទៅជាមហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល។ នេះបើយោងតាមលិខិតរបស់លោក ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ផ្ញើជូនសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
លោក ឈិន កេតនា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះជាសក្ខីភាពមួយបង្ហាញឲ្យឃើញអំពីការខិតខំប្រឹងប្រែងបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានលទ្ធផលល្អប្រសើរ»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្តូរឈ្មោះផ្លូវ២០០៤ ទៅជាមហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលមហាវិថីនេះ ចាប់ពីចំណុចមហាវិថីខេមរភូមិន្ទ (ផ្លូវលេខ២៧១) រហូតដល់ចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែង ៤៤៥០ម៉ែត្រ និងមានទទឹងប្រវែង ២០ម៉ែត្រ ស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ នេះបើតាមលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕