(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានទទួលអំណោយជាអាកុលចំនួន១ម៉ឺនលីត្រ ពីរោងចក្រ MH Bio -Energy សម្រាប់បម្រើឲ្យការងារឆ្លើយតបនឹងជំងឺកូវីដ១៩។
ពិធីប្រគល់-ទទួលសម្ភារ និងបរិក្ខារវេជ្ជសាស្រ្តនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងថា សម្ភារនេះបានដើរតួនាទីដ៏សំខាន់ សម្រាប់បម្រើឱ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19) ឲ្យទទួលបានជោគជ័យកាន់តែឆាប់រហ័ស។ ជំនួយមនុស្សធម៌របស់រោងចក្រ MH Bio -Energy គឺសម្រាប់ប្រើប្រាស់ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន នៃវីរុសកូវីដ១៩នេះ។
ជាពិសេសចូលរួមចំណែកពង្រឹង សមត្ថភាពឆ្លើយតបបន្ទាន់ មិនត្រឹមតែចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាត នៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់ គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណ និងសង្ឃឹមយ៉ាងមុតមាំថា រោងចក្រ MH Bio -Energy នឹងបន្តផ្តល់ជំនួយមនុស្សធម៌ ជាបន្តបន្ទាប់ទៀត ក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីកម្ពុជាជំរុញវិធានការការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យទទួលបានជោគជ័យ។
សូមជម្រាបថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត បានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១០៧នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ ចុះមកត្រឹមចំនួន១៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕