(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម សហការជាមួយនគរបាលខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ បានបើកប្រតិបត្តិការបង្ក្រាបមុខចែកចាយ និងប្រើប្រាស់គ្រឿងញៀន បានចំនួន១៨នាក់ជាបន្ដបន្ទាប់ ដែលជាបក្ខពួករបស់ក្រុមជនសង្ស័យដែលបង្ក្រាបបានកាលពីពេលកន្លងទៅ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យ ដែលបង្រ្កាបកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅស្រុកស្ទឹងត្រង់ភ្លាម លោកបានបញ្ជាកម្លាំងជំនាញខេត្ត ជាមួយជំនាញស្រុកចំការលើ បន្តទៅសហការជាមួយស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងស្រុកតាំងគោក ខេត្តកំពង់ធំ ដឹកនាំដោយ លោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន១៨នាក់ ស្រីម្នាក់។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញដកហូតបាន ម្សៅក្រាមពណ៌ស ចំនួន០៤កញ្ចប់, ម៉ូតូ០៩គ្រឿង និងទូរស័ព្ទចំនួន២០គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំងអស់នោះ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។
គួរជម្រាបថា កាលពីនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានចាត់បញ្ជាឲ្យកម្លាំងជំនាញខេត្ត ជាមួយជំនាញស្រុកចំការលើ និងជំនាញស្រុកស្ទឹងត្រង់ ចុះបង្រ្កាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន បានចំនួន០២ករណី ដោយប្រើវិធានរដ្ឋបាលចំហរ និងវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ៕