(ភ្នំពេញ)៖ ការបញ្ចប់បាននូវការរាតត្បាតជំងឺកូវីដ១៩ (COVID-19) លុះត្រាតែប្រទេសទាំងអស់នៅលើពិភពលោក លែងមានអ្នកឆ្លងជំងឺនេះ ខណៈល្បឿននៃការរាតត្បាតនៃជំងឺកូវីដ១៩ មានសភាពធ្ងន់ធ្ងរជាងជំងឺឆ្លងមុនៗទៅទៀត ជាពិសេសជំងឺផ្តាសាយអេស្ប៉ាញ (Spanish Flu) ដែលធ្លាប់បានសម្លាប់មនុស្សលើលោកប្រមាណពី ៤០លាន ទៅ ៥០លាននាក់។
នេះបើតាមការអះអាងរបស់លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា (WHO) ថ្លែងនៅក្នុងឱកាសដែលក្រសួងសុខាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា នៅទីស្ដីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។
លោកស្រី Li Ailan បានបញ្ជាក់យ៉ាងដូច្នេះ៖ «នាងខ្ញុំចង់ជម្រាបថា ការបញ្ចប់ការផ្ទុះជាសកល នៃជំងឺកូវីដ១៩ របស់ពិភពលោកនេះ គឺមិនអាចបញ្ចប់បានទេ លុះត្រាតែប្រទេសទាំងអស់លើពិភពលោក លែងមានអ្នកឆ្លងជំងឺនេះ។ រហូតមកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ គឺមានករណីឆ្លងប្រហែលជាង ២លាននាក់ ហើយក្នុងនោះក៏មានករណីស្លាប់ រហូតដល់ជាង ១៥ម៉ឺននាក់ នៅក្នុងប្រទេសចំនួន ១១៣ និងក្នុងតំបន់ផ្សេងទៀត នៅលើពិភពលោកយើងនេះ»។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជារូបនេះ បានលើកឡើងរំលឹកពីជំងឺឆ្លងដ៏កាចសាហាវមួយចំនួន ដែលធ្លាប់កើតឡើងក្នុងប្រវត្តិសាស្ត្រ លើពិភពលោក។ ក្នុងនោះលោកស្រីបានអះអាងថា ជំងឺយ៉ាងកាចសាហាវ គឺផ្តាសាយអេស្ប៉ាញ ដែលធ្លាប់បានកើតឡើងនៅក្នុងឆ្នាំ១៩១៨ ដល់១៩១៩ កាលពី១០០ឆ្នាំមុន និងធ្លាប់បានសម្លាប់មនុស្សប្រមាណ៤០លាន ទៅដល់ ៥០លាននាក់ ក្នុងចំណោមអ្នកឆ្លងប្រមាណ ៥០០លាននាក់។
លោកស្រីថ្លែងទៀតថា នៅក្នុងឆ្នាំ២០០៩ ជំងឺផ្តាសាយ H1N1 មានការចម្លងលឿន រហូតដល់២០០ប្រទេស ក្នុងរយៈពេល ១០ខែប៉ុណ្ណោះ ប៉ុន្តែទាំងផ្តាយសាយអេស្ប៉ាញ និង H1N1 មានល្បឿននៃការរាតត្បាយខ្សោយជាង ជំងឺឆ្លងកូវីដ១៩ ទៅទៀត។
លោកស្រី Li Ailan បានបញ្ជាក់ថា៖ «សម្រាប់ការផ្ទុះជំងឺកូវីដ១៩ ជាសកលនេះវិញ ជាករណីលើកទីមួយហើយ ដែលជាជំងឺធ្ងន់ធ្ងរកើតឡើងពីមេរោគកូរ៉ូណាប្រភេទថ្មី ដែលយើងមិនធ្លាប់ស្គាល់ពីមុនមក។ យើងឃើញថា ល្បឿននេះការផ្ទុះនេះ មានល្បឿនលឿនជាងជំងឺឆ្លងមុនៗទៅទៀត ហើយសម្រាប់ភាពធ្ងន់ធ្ងរវិញ យើងក៏នឹងបន្តការតាមដាន ព្រោះថាភាពធ្ងន់ធ្ងររបស់វាក៏មិនមែនជារឿងធម្មតាដែរ»។
បើតាមតំណាងអង្គការសុខភាពពិភពលោករូបនេះ នៅក្នុងប្រទេសកម្ពុជាយើងនេះ បានធ្វើការងារឆ្លើយតបយ៉ាងល្អចំពោះជំងឺកូវីដ១៩ ជាក់ស្តែងមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺនេះ១២២ករណីតែប៉ុណ្ណោះ ខណៈអ្នកជាសះស្បើយមានរហូតដល់ ១០៧នាក់ និងមិនមានករណីស្លាប់ម្នាក់ឡើយ។ លោកស្រី បានអបអរសាទរចំពោះកម្ពុជា និងបានចាត់ទុកថា នេះជាដំណឹងដ៏ល្អមួយសម្រាប់ពិភពលោក។
នៅពេលដែលសួរថា ហេតុអ្វីបានជានៅប្រទេសអភិវឌ្ឍន៍ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាងប្រទេសកំពុងអភិវឌ្ឍន៍ ទោះបីប្រព័ន្ធសុខាភិបាល ប្រទេសអភិវឌ្ឍន៍ទាំងនោះ មានភាពល្អប្រសើរ ត្រូវបានលោកស្រីឆ្លើយថា ដោយសារប្រទេសអភិវឌ្ឍន៍ទាំងនោះ បានស្ថិតក្នុងដំណាក់ធ្ងន់ធ្ងររួចទៅហើយ។ មានន័យថា ទោះបីប្រទេសមានប្រព័ន្ធសុខាភិបាលល្អយ៉ាងណាក៏ដោយ បើពួកគេត្រៀមខ្លួនមិនបានល្អទេ អត្រាឆ្លងជំងឺកូវីដ១៩ មានកាន់តែខ្លាំងតាមនោះដែរ។
លោកស្រី Li Ailan បញ្ជាក់បន្ថែមថា៖ «នាងខ្ញុំចង់ជម្រាបថា នៅមានកត្តាជាច្រើន ឬព័ត៌មានទិន្នន័យជាច្រើនទៀត ដែលអង្គការសុខភាពពិភពលោក កំពុងធ្វើការជាមួយប្រទេសនានាលើពិភពលោក ដើម្បីប្រមូលព័ត៌មាន ដើម្បីឲ្យយល់ច្បាស់ពីកូវីដ១៩នេះ ដូចជាយើងនៅសិក្សាអំពីករណីទៅលើអាយុ ឬបញ្ហាប្រជាជនជាក់លាក់មួយចំនួន ដែលអាចប្រឈមខ្លាំងជាមួយនឹងមេរោគហ្នឹង។ ប៉ុន្តែនាងខ្ញុំចង់ជម្រាបថា បើសិនជាអ្វីដែលយើងដឹងច្បាស់ថា យើងបានរៀបចំខ្លួនបានល្អ សម្រាប់ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតក្នុងសហគមន៍នេះ គឺយើងអាចកាត់បន្ថយអត្រាស្លាប់ឲ្យនៅទាបបំផុតបាន»។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៨៖០០នាទីព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២,៤០៦,៨២៣នាក់ហើយ ដោយក្នុងនោះអ្នកជំងឺ ដែលបានបាត់បង់ជីវិតមានចំនួន ១៦៥,០៥៤នាក់ និងជាសះស្បើយឡើងវិញ ៦២៤,៩៧៤នាក់ នៅតាមបណ្តាប្រទេស និងដែនដីចំនួន ២១០។ នេះបើយោងតាមគេហទំព័រ worldometer។
សម្រាប់បណ្តាប្រទេសធំៗចំនួន ០៦ មានករណីឆ្លង COVID-19 ច្រើនជាងគេបង្អស់រហូតដល់រាប់សែនករណី មានដូចជា៖
* ១៖ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ៧៦៣,៨៣២ករណី ក្នុងនោះស្លាប់ ៤០,៥៥៣នាក់ និងជាសះស្បើយឡើងវិញ ៧១,០០០នាក់។
* ២៖ ប្រទេសអេស្ប៉ាញមានករណីឆ្លងសរុប ១៩៨,៦៧៤ករណី ក្នុងនោះស្លាប់ ២០,៤៥៣នាក់ និងជាសះស្បើយឡើងវិញ ៧៧,៣៥៧នាក់។
* ៣៖ ប្រទេសអ៉ីតាលីមានករណីឆ្លងសរុប ១៧៨,៩៧២ករណី ក្នុងនោះស្លាប់ ២៣,៦៦០នាក់ និងជាសះស្បើយឡើងវិញ ៤៧,០៥៥នាក់។
* ៤៖ ប្រទេសបារាំង មានករណីឆ្លងសរុប ១៥២,៨៩៤ករណី ក្នុងនោះស្លាប់ ១៩,៧១៨នាក់ និងជាសះស្បើយឡើងវិញ ៣៦,៥៧៨នាក់។
* ៥៖ ប្រទេសអាល្លឺម៉ង់មានករណីឆ្លងសរុប ១៤៥,៧៤២ករណី ក្នុងនោះស្លាប់ ៤,៦៤២នាក់ និងជាសះស្បើយឡើងវិញ ៨៨,០០០នាក់។
* ៦៖ ចក្រភពអង់គ្លេសមានអ្នកឆ្លង ១២០,០៦៧ករណី ក្នុងនោះស្លាប់ ១៦,០៦០នាក់៕