(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងនូវការដាស់តឿនថ្មីថា អាកាសធាតុក្តៅមិនអាចបង្អាក់ការរីករាលដាលជំងឺកូវីដ១៩បាននោះឡើយ មានន័យថាអាកាសធាតុក្តៅ ការវាយលុករបស់មេរោគនេះនៅតែមានដដែល ប៉ុន្តែអាកាសធាតុត្រជាក់នឹងអំណោយផលដល់ការវាយលុករបស់ជំងឺកូវីដ១៩កាន់តែខ្លាំង។
ការលើកឡើងយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី បច្ចុប្បន្នភាពនៃជំងឺកូវីដ១៩នៅប្រទេសកម្ពុជា ដែលបានរៀបចំឡើងនៅទីស្ដីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២០។
លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា នៅបណ្ដាប្រទេសនានាលើពិភពលោក ពិសេសប្រទេសនៅតំបន់ត្រូពិក (អាកាសធាតុក្ដៅបង្គួរ) សុទ្ធតែមិនអាចជៀសផុតពីការឆ្លងជំងឺកូវីដ១៩នោះឡើយ ដូច្នេះមេរោគនៃជំងឺនេះមិនប្រកាន់ថាអាកាសធាតុក្ដៅ ឬត្រជាក់នោះទេ។ គ្រាន់តែនៅក្នុងអាកាសធាតុត្រជាក់ ការវាយលុករបស់ជំងឺកូវីដ១៩ គឺខ្លាំងជាងនៅក្នុងអាកាសធាតុក្ដៅ។
លោកស្រីអ្នកនាំពាក្យបានថ្លែងបញ្ជាក់ថា «មិនមែនថា អាកាសធាតុក្ដៅ មិនមានការវាយលុកពីមេរោគកូវីដ១៩នោះទេ គឺនៅតែមានការឆ្លង និងការស្លាប់។ សូមកុំប្រហែសថា ប្រទេសកម្ពុជាក្ដៅ មិនមានការវាយលុកពីមេរោគកូវីដ១៩ឱ្យសោះ»។
លោកស្រីបានបន្តថា បានជាប្រទេសកម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ គឺដោយសាររាជរដ្ឋាភិបាលកម្ពុជាបានដាក់វិធានការបានទាន់ពេលវេលា ហើយទាំងអស់គ្នាបានចូលរួមទប់ស្កាត់ការរីករាលដាលនេះយ៉ាងសកម្ម។
បើតាមការបញ្ជាក់ពីតំណាងអង្គការសុខភាពពិភពលោក (WHO) បណ្ដាប្រទេសដែលមានការរីករាលដាលច្រើន គឺមកពីមានការរីករាលដាលចូលទៅក្នុងសហគមន៍។
តំណាងអង្គការសុខភាពពិភពលោកបានបញ្ជាក់ដែរងថា «កម្ពុជាទើបចាប់ផ្ដើមនៃការរីករាលដាលនៃជំងឺកូវីដ១៩នោះទេ»។ ដូច្នេះហើយបានជាលោកស្រី ឱ វណ្ណឌីន បានបន្តដាស់តឿនឱ្យប្រជាពលរដ្ឋគ្រប់គ្នាត្រូវប្រកាន់នូវការប្រយ័ត្នខ្ពស់ជានិច្ច និងបន្តអនុវត្តវិធានការ ក៏ដូចជាបទបញ្ជានានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការរីករាលដាលនារដូវវស្សាខាងមុខនេះ៕