(ស្វាយរៀង)៖ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា និងជាប្រធានគណបក្សស្រុក បានថ្លែងអំណរគុណដល់លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត ព្រមទាំងប្រធាន អនុប្រធានក្រុមការងារ សមាជិកបក្ស ចុះជួយតាមឃុំនានា នៅស្រុកចន្ទ្រា ដែលបានចូលរួមផ្តល់នូវសម្ភារ និងថវិកា ជាបន្តបន្ទាប់ដល់រដ្ឋបាលឃុំ និងស្រុកយ៉ាងផុសផុល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។
លោក ថន ថាវុទ្ធា បានឲ្យដឹងទៀតថា ដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងមានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ នៅសាលាស្រុកចន្ទ្រា នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានចាត់តាំង លោក រ័ត្ន មុន្នី សមាជិកក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចន្ទ្រា បាននាំយកសម្ភារ និងថវិការបស់លោក មកប្រគល់ជូនរដ្ឋបាលស្រុកចន្រ្ទា ដើម្បីចុះយុទ្ធនាការផ្សព្វផ្សាយ វិធានការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
សម្ភារដែលបានប្រគល់ជូនរួមមាន ក្រមាចំនួន ៧២៥, ប្រេងសាំងចំនួន ៨៧០លីត្រ, អាល់កុលចំនួន ២៩០លីត្រ, ដបបាញ់អាល់កុលចំនួន ៨៧ដប និងថវិកាចំនួន ២,៩០០,០០០រៀល។ សរុបការចំណាយរបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន គិតជាថវិកាចំនួន ១៥,២៣៩,៥០០រៀល។
ជាមួយនោះ លោក រ័ត្ន មុន្នី ក៏បានជួយឧបត្ថម្ភនូវថវិកា សម្រាប់ទិញប៊ីដុងចំនួន ៦៤ដប បាញ់អាល់កុលចំនួន ៦៤ឈ្នួល រថយន្តដឹកប្រេងសាំងចំនួន ២៥០,០០០រៀល ឧបត្ថម្ភមន្ត្រី សម្រាប់រៀបចំសម្ភារចំនួន ១៤០,០០០រៀល។ សរុបការចំណាយរបស់ លោក រ័ត្ន មុន្នី គិតជាថវិកាចំនួន ១,៥៧៨,០០០រៀល។
លោកបានបន្តថា ចំណែកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានចាត់ក្រុមការងារនាំយកសម្ភារ និងថវិកាផ្ទាល់របស់លោក និងលោកស្រី មកប្រគេនព្រះសង្ឃនៅវត្តបទុមរង្សី ហៅវត្តចេក ស្ថិតក្នុងភូមិចេក ឃុំសំរោង សម្ភាររួមមាន អង្ករ ០១តោន មី ២០កេស ត្រីខកំប៉ុង ០៣កេសធំ ទឹកសុទ្ធវីតាល់ ០៦កេស និងថវិកា ២៥០ដុល្លារ សរុបការចំណាយគិតជាថវិកាចំនួន ១,០០០ដុល្លារ។
លោកបានបញ្ជាក់ថា ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវ របស់រដ្ឋបាលស្រុកចន្ទ្រា ក្រុមការងារចុះជួយតាមឃុំទាំង៦ នៃស្រុកចន្ទ្រា ក៏បានជួយឧបត្ថម្ភសម្ភារ និងថវិកា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ គឺធ្វើឡើងផុសផុលតែម្តង។
លោក បានបន្ថែមទៀតថា ចំពោះសកម្មភាពនៃការផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីវិធានការការពារ និងចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ព្រមទាំងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាក មិនមែនបញ្ចប់ត្រឹមតែប៉ុណ្ណេះទេ គឺក្រុមការងារ ក៏ដូចជា រដ្ឋបាលស្រុកចន្ទ្រា នៅតែបន្តធ្វើជាប់ជាប្រជាប្រចាំ ដើម្បីជួយដល់ប្រជាពលរដ្ឋ និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវមួយនេះ៕