(ភ្នំពេញ)៖ កម្មករ និយោជិតក្នុងរាជធានីភ្នំពេញប្រមាណជា ១៥,០០០នាក់ ត្រូវបានរៀបចំដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពរកជំងឺកូវីដ១៩ បន្ទាប់ពីពួកគេត្រឡប់ពីចូលឆ្នាំថ្មីប្រពៃណីជាតិនៅស្រុកកំណើតកាលពីសប្តាហ៍កន្លងទៅនេះ។
ក្នុងសន្និសីទព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩នៅកម្ពុជានាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងឱ្យដឹងថា ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន បានសហការយ៉ាងតឹងរឹងរៀបចំដាក់កម្មករ និយោជិត ត្រឡប់មកពីស្រុកកំណើតឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពរកជំងឺកូវីដ១៩។
សូមរំលឹកថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកាលពីសប្តាហ៍កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនឱ្យមានការឈប់សម្រាកនោះឡើយ ពោលទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត និងបុគ្គលិកឯកជននៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជននានា នៅធ្វើការងារជាធម្មតា។ ការសម្រេចធ្វើបែបនេះ ដើម្បីកាត់បន្ថយការប្រមូលផ្តុំ ការជួបជុំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលអាចនាំឱ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩។
បើទោះបីរាជរដ្ឋាភិបាលសម្រេចមិនឱ្យឈប់សម្រាក និងបិទការធ្វើដំណើរឆ្លងខេត្តយ៉ាងណាក្តី ក៏នៅមានកម្មករ និយោជិត និងបុគ្គលិកតាមវិស័យឯកជនមួយចំនួនតូចនៅតែបានចចេសទៅលេងស្រុកកំណើតរបស់ពួកគេ។ ក្នុងកំលុងពេលបុណ្យចូលឆ្នាំថ្មីសប្តាហ៍មុននេះ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិត បម្រើការងារនៅតាមរោងចក្រ សហគ្រាសប្រមាណជា ៩៥ភាគរយ នៅបម្រើការងារជាធម្មតា មានតែ៥ភាគរយប៉ុណ្ណោះបានសម្រាកការងារ ឬទៅស្រុកកំណើតរបស់ពួកគេ។
ប៉ុន្តែក្នុងនោះក៏មានកម្មករធ្វើការងារលើវិស័យសំណង់ និងតាមវិស័យផ្សេងៗមួយចំនួនទៀត ពួកគេបានសម្រុកទៅស្រុកកំណើតមុនពេលរាជរដ្ឋាភិបាល ដាក់ចេញវិធានការបិទការធ្វើដំណើរឆ្លងខេត្តនៅយប់ថ្ងៃទី០៩ ខែមេសា ទៅទៀត។
ការសម្រុកចេញទៅស្រុកកំណើតរបស់កម្មករ និយោជិតមួយចំនួនទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ នាំឱ្យមានការព្រួយបារម្ភខ្លាំងខ្លាចពួកគេបានឆ្លងជំងឺកូវីដ១៩ ពីកន្លែងណាមួយ ហើយនាំមកចម្លងដល់កម្មករ និយោជិតដទៃដែលបំពេញការងារជាមួយពួកគេ។ ឆ្លើយតបនឹងក្តីបារម្ភនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចឱ្យដាក់ចេញវិធានការដាក់កម្មករ និយោជិតទៅលេងស្រុកកំណើតនេះរយៈពេល១៤ថ្ងៃមុននឹងឱ្យពួកគេចូលធ្វើការវិញ។
អាជ្ញាធរនៅក្នុងរាជធានីភ្នំពេញ ដែលជាតំបន់ប្រមូលផ្តុំទៅដោយរោងចក្រនោះ បានរៀបចំអគារសាលារៀន ដើម្បីដាក់កម្មករ និយោជិតឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃមុនពេលពួកគេចូលធ្វើការងារវិញ។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់នៅក្នុងសន្និសីទព័ត៌មានថា «ចំពោះបងប្អូនដែលបានសម្រុកធ្វើដំណើរទៅស្រុកកំណើតមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយត្រូវវិលត្រឡប់មកលំនៅឋាន ឬចូលមកធ្វើការនៅតាមទីកន្លែងរោងចក្រ សហគ្រាស ក្រសួងស្ថាប័ន ឬមន្ទីររៀងៗខ្លួននោះ ត្រូវអនុវត្តន៍វិធានការតាមដានសុខភាពផ្ទាល់ខ្លួន ដាក់ខ្លួនឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ឬអាចធ្វើការតាមផ្ទះ តាមអនឡាញក្នុងរយៈពេលធ្វើចត្តាឡីស័ក្តិចំនួន១៤ថ្ងៃនេះ»។
នៅក្នុងលិខិតផ្ញើជូនអភិបាលរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា កម្មករ កម្មការិនីជាង ១៥,០០០នាក់នេះ មាននៅក្នុងខណ្ឌពោរធិ៍សែនជ័យប្រមាណ ៧,២៥៨នាក់ ខណ្ឌដង្កោប្រមាណ ២,៣៤១នាក់ ខណ្ឌកំបូលប្រមាណ ១,២៥១នាក់ ខណ្ឌមានជ័យប្រមាណ ២,១១៦នាក់ ខណ្ឌសែនសុខប្រមាណ ១,០៦៨នាក់ ខណ្ឌព្រែកព្នៅប្រមាណ ៧៦នាក់ ខណ្ឌច្បារអំពៅប្រមាណ ៨៧នាក់ ខណ្ឌឫស្សីកែវប្រមាណ១,៣០២នាក់ ខណ្ឌទួលគោកប្រមាណ ៧១នាក់ ខណ្ឌចំការមនប្រមាណ ៩៥នាក់ ខណ្ឌដូនពេញមានប្រមាណ ២នាក់ និង ខណ្ឌជ្រោយចង្វារប្រមាណ ៦០នាក់។
អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងដែរថា សាលារាជធានីភ្នំពេញបានត្រៀមសាលារៀនចំនួន ៣៧សាលា ដែលមានបន្ទប់ចំនួ ៦៩៩បន្ទប់ សម្រាប់ដាក់កម្មករ និយោជិតទាំងអស់នេះ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងនៅក្នុងសន្និសីទព័ត៌មាននាព្រឹកថ្ងៃនេះផងដែរថា ក្រៅតែពីរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តដែលមានរោងចក្រ សហគ្រាសនោះ ក៏មានកម្មករ និយោជិតមួយចំនួនត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃផងដែរ។
ក្រសួងការងារធ្លាប់បានបញ្ជាក់ថា សម្រាប់កម្មករ និយោជិតដែលដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនេះ សម្រាប់កម្មករ និយោជិត ដែលឈប់សម្រាកដោយមានការអនុញ្ញាតពីភាគីរោងចក្រ សហគ្រាស គឺពួកគេទទួលបានប្រាក់ឈ្នួលធម្មតា។ ប៉ុន្តែសម្រាប់កម្មករ និយោជិត ដែលឈប់សម្រាកដោយមិនមានការអនុញ្ញាតពីភាគីរោងចក្រ សហគ្រាស គឺមិនទទួលបានប្រាក់ឈ្នួលនោះឡើយ ក្នុងកំលុងពេលដាក់ឱ្យនៅដាច់ដោយឡែកនេះ៕