(ព្រះសីហនុ)៖ ជនកំណាចម្នាក់ដែល បានកាប់ជនរងគ្រោះមួយគ្រួសារ បណ្តាលឲ្យស្លាប់២នាក់ និងរបួស៥នាក់ នៅតំបន់ក្បាលឆាយ ខេត្តព្រះសីហនុ ហើយត្រូវបានកម្លាំងនគរបាល ចាប់ខ្លួននោះ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦នេះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ លោក គឹម អេង ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារហើយ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោកចៅក្រម គឹម អេង ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦នេះ បានចោទប្រកាន់ឈ្មោះ លុយ សុភក្រ្ត័ អាយុ២៦ឆ្នាំ រស់នៅក្រុម២១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ពីបទ «ឃាតកម្មគិតទុកជាមុន និងមិនរាងចាលក្នុងបទឧក្រិដ្ឋ»។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងថា ជនដៃដល់ដែលកាប់សម្លាប់ជនរងគ្រោះ មួយគ្រួសារមានគ្នា៧នាក់ បណ្តាលឲ្យស្លាប់ស្រ្តីជាម្តាយ និងកូនស្រីអាយុ១៣ឆ្នាំ នៅតំបន់ក្បាលឆាយ ខេត្តព្រះសីហនុ គឺដោយសារតែជម្លោះសត្វមាន់មួយក្បាលតែប៉ុណ្ណោះ។
ការថ្លែងប្រាប់ឲ្យដឹងខាងលើនេះ ធ្វើឡើងនៅក្នុងសន្និសិទកាសែតនាព្រឹកថ្ងៃទី០៨ ខែមករា បង្ហាញមុខជនដៃដល់ដែលទើបនឹងចាប់បានកាលពីថ្ងៃទី៧ ខែមករា ។ សម្រាប់ករណីឃាតកម្មនេះ ត្រូវបានលោកស្នងការប្រាប់ថា ជារឿងគំនុំខឹងជេររឿងជម្លោះសត្វមាន់មួយក្បាល នៅផ្ទះជិតខាងគ្នា, ហើយជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ និងធ្លាប់ប្រព្រឹត្តបទល្មើស ជាច្រើនផងដែរ នាពេលកន្លងទៅ។
សូមបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០១:៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ កើតឡើងនៅភូមិ១ សង្កាត់១ ខេត្តក្រុងព្រះសីហនុ ខណ:ប្តី និងជាឪពុកចេញទៅនេសាទបាត់។
នៅក្នុងសន្នសីទកាសែត លោកឧត្តមសេនីយ៌ស្នងការ បានបញ្ជាក់ពីដំណើររឿងថា មុនពេលកើតហេតុជនសង្ស័យ និងប្រពន្ធកូនរបស់ខ្លួន មករស់នៅតំបន់ក្បាលឆាយជាមួយស្រ្តីកាន់សាសនាគ្រឹស្តម្នាក់ នៅក្បែរផ្ទះជនរងគ្រោះ ។ ដោយមុនពេលកើតហេតុ២ថ្ងៃ ជនសង្ស័យបានចាប់មាន់មួយក្បាលធ្វើម្ហូបស្រាប់តែ ជនរងគ្រោះបានចោទថា ជនសង្ស័យចាប់ និងលួចមាន់របស់ខ្លួន រហូតជេរបញ្ចោ មិនឈប់ឈរបើទោះបី ជនសង្ស័យអះអាងថា ជាមាន់របស់ស្រ្តីដែលខ្លួនរស់នៅជាមួយក៏ដោយនោះ។ ដោយសារតែខឹងខាងជនរងគ្រោះនៅតែចោទ និងជេរហើយជេរទៀត ទើបជននេះបានយកពូថៅមកកាប់ជនរងគ្រោះដល់ផ្ទះប៉ងសម្លាប់មួយពូជ បណ្តាលឲ្យស្លាប់ស្រ្តីជាម្តាយ និងកូនស្រីអាយុ១៣ ខណ:៥នាក់ទៀត រងរបួសធ្ងន់៕