(ព្រះសីហនុ)៖ ហេតុការណ៍អំពើហិង្សាដោយចេតនាមួយ បានកើតឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវរថ្តភ្លើង ស្ថិតក្រុមទី១៤ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយក្រុមជនដៃដល់បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបានចំនួន៥នាក់ជាបន្ដបន្ទាប់។
អធិការនគរបាលក្រុងព្រះសីហនុ លោកវរសេនីយ៍ឯក តី វិសាល បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា ជនរងគ្រោះទាំងពីរនាក់ក្នុងហេតុការណ៍នេះ ទី១៖ឈ្មោះ ឈ្មោះ ថន ជីវ័ន្ត អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅក្រុមទី១៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវរបួសក្បាលខាងស្តាំ (របួសធ្ងន់) និងទី២៖ ឈ្មោះ សុខ គឺមគង់ ហៅគ័ង អាយុ១៧ឆ្នាំ រងរបួសកដៃឆ្វេង, ខ្នងដៃឆ្វេង, បាក់ឆ្អឹងប្រអប់ដៃ និងចង្អុលដៃឆ្វេង។
បើតាមលោកអធិការ ក្រោយកើតហេតុក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងជំនាញបានចេញអន្ដរាគមន៍ ដេញជនសង្ស័យដែលបើកម៉ូតូរត់តាមផ្លូវជតិលេខ៤ រហូតដល់ចំណោទបិតត្រាំង ស្រុកព្រៃនប់ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលបិតត្រាំង ស្ទាក់ឃាត់បានមុខសញ្ញា២នាក់ ជិះម៉ូតូ១គ្រឿ ម៉ាក NEX ពណ៌ស រីឯបក្សពួកផ្សេងទៀតបានរត់គេចខ្លួន។
ជនសង្ស័យទាំង២នាក់មានឈ្មោះ ឈ្មោះ ភូ សុភា ហៅខ្មៅ អាយុ១៦ឆ្នាំ មុខរបរកម្មកសំណង់ បច្ចុប្បន្នរស់នៅភូមិរាម ឃុំស្មាច់ដែង ស្រុកព្រៃនប់ និងឈ្មោះ ប៉ែន វណ្ឌី អាយុ១៤ឆ្នាំ មុខរបរសិស្សថ្នាក់ទី7A សាលាឡាហ្វ បច្ចុប្បន្នរស់នៅភូមិទឹកសាប ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ភូ សុភា បានឲ្យដឹងថា មុនពេលកើតហេតុពួកខ្លួនមានគ្នាចំនួន៧នាក់ ជិះម៉ូតូ០៣គ្រឿង ចេញពីបុកប៊ីយ៉ែ នៅភូមិដូងសង្កាត់លេខ៤ ឆ្ពោះទៅក្រុម៣៥ ទំនប់រលក ពេលទៅដល់ចំណុចកើតហេតុខាងលើ មានឈ្មោះ ស្នារ និងឈ្មោះ វ៉ា ចុះពីលើម៉ូតូកាន់ដាវដេញកាប់ ជនរងគ្រោះជាច្រើនដាវ បន្ទាប់ពីធ្វើសកម្មភាពរួចបបួលគ្នា ជិះម៉ូតូរត់គេចទៅស្មាច់ដែងក៏ត្រូវនគរបាលឃាត់រូបគេ ខណៈអ្នកផ្សេងទៀតបានរត់គេចខ្លួន។
ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួន បានជាបន្តបន្ទាប់នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ រួមមាន ទី១៖ ឈ្មោះ ជុំ ចាន់ធី អាយុ១៥ឆ្នាំ ជាអ្នកដាល់ជនរងគ្រោះ, ទី២៖ ឈ្មោះ ផល វាសនា ហៅស្នា អាយុ១៦ឆ្នាំ ជាអ្នកកាន់ដាវកាប់ជនរងគ្រោះ និងទី៣៖ ឈ្មោះ សុវ៉ាន់ វាចាជីវ៉ា ហៅវ៉ា អាយុ១៧ឆ្នាំ ជាម្ចាស់ដាវឲ្យទៅឈ្មោះ ស្នា ទៅកាប់ជនរងគ្រោះរួចដឹកជនសង្ស័យរត់ទៅស្មាច់ដែង។
តាមការឆ្លើយរបស់ជនសង្ស័យឈ្មោះ ជុំ ចាន់ធី និងឈ្មោះ ភូ សុភា បានឲ្យដឹងថា នៅពេលទៅវ៉ៃជនរងគ្រោះ ឈ្មោះ ប៉ែន វណ្ឌី មិនបានទៅចូលរួមឡើយ គឺនៅភូមិដូង ពេលពួកគេធ្វើសកម្មភាពកាប់ជនរងគ្រោះរួចហើយ ជិះម៉ូតូមកភូមិដូងវិញ ទើបឌុបគ្នារត់ទៅភូមិស្មាច់ដែង។ ដូច្នេះឈ្មោះ ប៉ែន វណ្ឌី មិនបានពាក់ព័ន្ធក្នុងករណីនេះ សមត្ថកិច្ចអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញក្រោយបញ្ចប់ការសួរនាំ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីបន្ត៕