(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦នេះ បានប្រកាសថា ការផ្ទេរកម្មសិទ្ធិយានយន្តទាំងរថយន្ត និង ម៉ូតូ មិនតម្រូវឲ្យបញ្ជាក់ពីម្ចាស់ដើមនោះឡើយ។ ការមិនតម្រូវឲ្យបញ្ជាក់ពីម្ចាស់ដើមនេះ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ចំពោះការផ្ទេរកម្មសិទ្ធិយានយន្តសំដៅធានាការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពល រដ្ឋ ក៏ដូចជារួមចំណែកអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យកាន់តែប្រសើរឡើង។
សេចក្តីជូនដំណឹងនៅថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៦នេះ «គណៈកម្មាធិការជាតិសុវត្ថិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមជម្រាបជូនថា រាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ការកាន់កាប់ជាក់ស្តែង ដោយមិនតម្រូវឲ្យមានការបញ្ជាក់ពីម្ចាស់ដើមឡើយ។ ដើម្បីឲ្យការកាន់កាប់ និងការធ្វើចរាចរណ៍មានភាពស្របច្បាប់ ម្ចាស់យានយន្តត្រូវទៅបង់ពន្ធ និងធ្វើផ្លាកលេខ ក្នុងករណីមិនទាន់បង់ពន្ធ និងមិនទាន់ធ្វើផ្លាកលេខ»។
ការសម្រេចនេះ បានធ្វើងឡើងភ្លាមៗ បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើន បានត្អូញត្អែរពីផលលំបាករបស់ខ្លួនក្នុងការផ្ទេរកម្មសិទ្ធិ យានយន្ត ដែលតម្រូវឲ្យមានការបញ្ជាក់ម្ចាស់ដើម ខណៈយានយន្តខ្លះត្រូវបានទិញជាច្រើនម្ចាស់ និងច្រើនដំណាក់កាលហើយ នោះ។
នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និបាតលើកទី៣៩ នៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា នាព្រឹកមិញនេះ បានហៅការដោះស្រាយបញ្ហាបណ្ណបើកបរម៉ូតូ និងការមិនតម្រូវឲ្យទៅម្ចាស់យានយន្ត ទៅបញ្ជាក់ពីម្ចាស់ដើមសម្រាប់ការផ្ទេរកម្មសិទ្ធិកាន់កាប់យានយន្តថា ជាការកាត់ដំបៅមហារីក៕