(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ បានក្រើនរំឮកដល់សិស្ស និស្សិតខ្មែរ ដែលកំពុងសិក្សានៅតាមបណ្តាប្រទេសនានា សូមថែទាំសុខភាព អនាម័យឱ្យបានល្អ និងរក្សាគម្លាតសង្គម ព្រមទាំងអនុវត្តនូវវិធានការការពារ ឱ្យបានខ្ជាប់ខ្ជួន ក្នុងគ្រាដែលមានការរីករាលដាលនៃមេរោគ COVID-19 ក្រោយមានសិក្ខាកាមយោធាកម្ពុជា ៣រូប នៅប្រទេសរុស្ស៉ី បានឆ្លងជំងឺកូវីដ១៩។
តាមរយៈ Facebook ផ្លូវការ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានក្រើនរំឮកយ៉ាងដូច្នេះថា៖ «សូមក្មួយៗ សិស្ស និស្សិត ដែលកំពុងសិក្សានៅតាមបណ្តាប្រទេសនានា ថែទាំសុខភាព អនាម័យឱ្យបានល្អ និងរក្សាគម្លាតសង្គម (Social Distancing) ព្រមទាំងអនុវត្តនូវវិធានការការពារឱ្យបានខ្ជាប់ខ្ជួន ក្នុងគ្រាដែលមានការរីករាលដាលនៃមេរោគ COVID-19»។
គួរជម្រាបថា បើតាមរបាយការណ៍របស់ ការិយាល័យអនុព័ន្ធយោធា នៃស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសរុស្ស៉ី នាថ្ងៃទី១៩ ខែមេសា បានបញ្ជាក់ឱ្យដឹងថា មានសិក្ខាកាមយោធាកម្ពុជា ៣រូប ដែលកំពុងសិក្សានៅប្រទេសរុស្ស៉ី បានឆ្លងជំងឺកូវីដ១៩ ហើយពេលនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅប្រទេសរុស្ស៉ី។ ការរកឃើញជំងឺកូវីដ១៩ នៅក្នុងខ្លួនសិក្ខាកាមយោធាកម្ពុជា៣រូបនេះ ធ្វើឡើងក្រោយការពិនិត្យរបស់មន្ទីរពេទ្យក្រុង នៅប្រទេសរុស្ស៉ី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។
រីឯមូលហេតុ នៃការឆ្លងនេះ ត្រូវបានការិយាល័យអនុព័ន្ធយោធាកម្ពុជា អះអាងថា ដោយសារមានការឆ្លងពីបណ្តាសិក្ខាកាម យោធាជនបរទេសដទៃទៀត ដែលសិក្សាជាមួយគ្នា និងស្នាក់នៅជាន់ជាមួយគ្នា។ បច្ចុប្បន្ន សិក្ខាកាមយោធា០៣រូបនោះ ត្រូវបានសាលាបញ្ជូនទៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ នៅប្រទេសរុស្ស៉ី និងកំពុងតាមដានសុខភាពបន្តទៀត។
ទោះជាយ៉ាងនេះក្តី ស្ថានភាពជំងឺរបស់សិក្ខាកាមយោធាកម្ពុជាទាំង៣រូបនោះ មិនទាន់មានសភាពធ្ងន់ធ្ងរទេ ដោយសារពួកគេបានរាយការណ៍ពីសុខភាព និងស្ថានភាពជំងឺរបស់ពួកគេទាំងអស់គ្នាប្រាប់ទៅដល់ពេទ្យ ដើម្បីពិនិត្យរកមេរោគកូវីដ១៩ ទាន់ពេលវេលា៕