(ភ្នំពេញ)៖ ដើម្បីឆ្លើយតប ទៅនឹងសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឲ្យស្ថានីយទូរទស្សន៍ ខ្មែរទាំងអស់ ចាក់បញ្ចាំងភាពយន្តខ្មែរ ចាប់ពីម៉ោង៧ដល់ម៉ោង៩យប់ ជារៀងរាល់ថ្ងៃ និងក្នុងន័យលើកកំពស់វិស័យភាពយន្តខ្មែរឲ្យកាន់ តែមានភាពរីកចម្រើន កាត់បន្ថយភាពយន្តបរទេស ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ បានបើក យុទ្ធនាការផលិត ខ្សែភាពយន្តភាគខ្មែរលើកដំបូង ដើម្បីចាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍របស់ខ្លួន ក្នុងម៉ោងពិសេស ដើម្បីបំពេញសេចក្ដីត្រូវការរបស់ ទស្សនិកជនទូទៅ ដែលតែងតែនិយមទស្សនាភាពយន្តខ្មែរ ជាពិសេសភាពយន្តក្នុងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ។
ភាពយន្តភាគខ្មែរលើកដំបូង ដែលមកបើកទំព័រប្រវត្តិសាស្រ្តក្នុងម៉ោងពិសេស នៃស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ មានចំណងជើងថា «ភ្លើងស្នេហ៍ ភ្លើងឫស្សា» ដែលបានធ្វើពិធីក្រុងពាលីថតជាផ្លូវការ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ នៅក្នុងបរិវេណសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា ដោយមានការចូលរួមជាពិសេសពី លោក ណាត់ថាវុទ្ធិ
ពោធិសារ៉ូ ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា លោក ស៊ិន សុផាត ប្រធានគ្រប់គ្រងផលិតកម្មវិធី, លោកអគ្គនាយស្ថានីទូរទស្សន៍ ប៉ុស្តិ៍លេខ៥ និងផលិតកម្មខ្មែរ-ថៃ ព្រមទាំងតារាសម្ដែងល្បីៗប្រុស-ស្រី ជាច្រើនដួងទៀត ។
លោក ណាត់ថាវុទ្ធិ ពោធិសារ៉ូ ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានថ្លែងជាភាសាខ្មែរថា លោក សូមអមអរសាទរ និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារ នៃស្ថានីយ៍ទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ ដែលបានសហការគ្នាផលិតភាពយន្តខ្មែរបញ្ចាំង ក្នុងស្ថានីយទូរទស្សន៍របស់ខ្លួន ហើយលោកគ្មានអ្វីក្រៅពីជូនពរឲ្យការងារនេះ ទទួលជោគជ័យ និងដំណើរការដោយរលូន ។
ដោយឡែក លោក ស៊ិន សុផាត ប្រធានគ្រប់គ្រងផលិត កម្មវិធីក្នុងស្ថានីទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានថ្លែងឲ្យដឹងថាដើម្បីឆ្លើយតប ទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យមានភាពយន្តភាគខ្មែរបញ្ចាំង នៅក្នុងស្ថានីយទូរទស្សន៍របស់ខ្លួនទើបក្រុម ការងារ នៃស្ថានីទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានសហការជាមួយផលិតករមកពីប្រទេសថៃ ផលិតតរឿងភាគ ចាក់បញ្ចាំងក្នុង ស្ថានីយទូរទស្សន៍ ដោយរឿងដំបូងដែលបានធ្វើពិធីក្រុងពាលីថតនៅថ្ងៃនេះ បានចំណងជើងថា«ភ្លើងស្នេហ៍ ភ្លើងឫស្សា» ។
លោកបានសង្កត់ធ្ងន់ថា ក្រុមការងារផលិតភាពយន្តយន្តភាគដាក់បញ្ចាំង ក្នុងស្ថានីទូរទស្សន៍ប៉ុស្តិ៍លេខ៥ មានច្រើនក្រុម ដើម្បីឲ្យទាន់សភាពការណ៍ និងបំពេញគ្រប់គ្រាន់តាមម៉ោងដែលបានកំណត់ ។ ដោយឡែកសម្រាប់រឿងភាគ មានចំណងជើងថា«ភ្លើងស្នេហ៍ ភ្លើងឫស្សា» គឺស្ថានីយទូរទស្សន៍ បានសហការជាមួយក្រុមផលិតខ្សែភាពយន្ត មកពីប្រទេសថៃ ដើម្បីឲ្យផ្ទៃរឿងទាំងមូលមានភាពទាក់ទាញ មានគុណភាពល្អ ទទួលបានការគាំទ្រពីអ្នកទស្សនា ។ លោកបន្តថា រឿង «ភ្លើងស្នេហ៍ ភ្លើងឫស្សា» ថ្វីត្បិតតែឆ្អឹងរឿងយកមកពីថៃ ប៉ុន្តែយើងបានកែសម្រួលស្ទើរតែទាំងអស់ ឲ្យមានលក្ខណៈជាខ្មែរ បែបមនោសញ្ចេតនា ដោយតួសម្ដែងត្រូវបានជ្រើសរើសយ៉ាងពិសេសបំផុត ហើយរឿងនេះ មានចំនួន៣៥ភាគ ។
លោកបញ្ជាក់ទៀតថា នេះជាជំហានដំបូង ដែលស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ សម្រេចផលិតរឿងខ្មែរឡើង ប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងទស្សនិកជន ។ ជាមួយគ្នានេះ មានផលិតកម្មមួយចំនួនទៀត ក៏កំពុងតែផលិតរឿងភាគខ្មែរ ដោយបានសហការដាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដើម្បីដាក់បញ្ចាំង ព្រោះចាប់ពីថ្ងៃនេះទៅ ភាពយន្តខ្មែរនឹងមាន តម្រូវការខ្ពស់ ក្នុងទីផ្សារ ។
សូមបញ្ជាក់ថា រឿង «ភ្លើងស្នេហ៍ ភ្លើងឫស្សា» មានតួឯកស្រី គឺកញ្ញា នី មុនីនាថ និងតួឯប្រុស គឺលោក យិត មានឧស្សាហ៍ ហៅ អេតវីន និងតារាល្បីជាច្រើនទៀតដូចជា កញ្ញា ថត តារា លោក ស៊ឹម សុរ៉ាភូមិ លោក យ៊ន សុភ័ក្រ្ត និងតារាកិត្តិយសល្បីៗជាច្រើនទៀត ៕