(ភ្នំពេញ)៖ សិក្ខាកាមយោធាកម្ពុជា៣រូប ដែលកំពុងសិក្សានៅប្រទេសរុស្ស៉ី បានឆ្លងជំងឺកូវីដ១៩ ហើយពេលនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅប្រទេសរុស្ស៉ី។ នេះបើតាមរបាយការណ៍របស់ ការិយាល័យអនុព័ន្ធយោធា នៃស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសរុស្ស៉ី នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ។
តាមរបាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ឱ្យដឹងថា ការរកឃើញជំងឺកូវីដ១៩ នៅក្នុងខ្លួនសិក្ខាកាមយោធាកម្ពុជា៣រូបនេះ ធ្វើឡើងក្រោយការពិនិត្យរបស់មន្ទីរពេទ្យក្រុង នៅប្រទេសរុស្ស៉ី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។
រីឯមូលហេតុ នៃការឆ្លងនេះ ត្រូវបានការិយាល័យអនុព័ន្ធយោធាកម្ពុជា អះអាងថា ដោយសារមានការឆ្លងពីបណ្តាសិក្ខាកាមយោធាជនបរទេសដទៃទៀត ដែលសិក្សាជាមួយគ្នា និងស្នាក់នៅជាន់ជាមួយគ្នា។ បច្ចុប្បន្ន សិក្ខាកាមយោធា០៣រូបនោះ ត្រូវបានសាលាបញ្ជូនទៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ នៅប្រទេសរុស្ស៉ី និងកំពុងតាមដានសុខភាពបន្តទៀត។
ទោះជាយ៉ាងនេះក្តី ស្ថានភាពជំងឺរបស់សិក្ខាកាមយោធាកម្ពុជាទាំង៣រូបនោះ មិនទាន់មានសភាពធ្ងន់ធ្ងរទេ ដោយសារពួកគេបានរាយការណ៍ពីសុខភាព និងស្ថានភាពជំងឺរបស់ពួកគេទាំងអស់គ្នាប្រាប់ទៅដល់ពេទ្យ ដើម្បីពិនិត្យរកមេរោគកូវីដ១៩ទាន់ពេលវេលា៕