(ពោធិ៍សាត់)៖ បុរសជាជាងផ្សារដែកម្នាក់ ត្រូវបានខ្សែភ្លើងឆក់បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បន្ទាប់ពីរូបគេបានលើកដែកទៅប៉ះនឹងខ្សែភ្លើងបណ្តាញមេ ដែលមានតង់ស្យុងខ្ពស់។

ករណីគ្រោះថ្នាក់នេះ បានកើតឡើង នៅវេលាម៉ោង ០៨៖៣០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ជនរងគ្រោះមានឈ្មោះ យឹម សារ៉ាត់ អាយុ៣៥ ឆ្នាំ មុខរបរជាជាងផ្សារដែក រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានឡើងផ្សារដំបូលផ្ទះ នៅចំណុចកើតហេតុខាងលើ។ ពេលទាញដែកមកផ្សារប្រក់ដំបូល ស្រាប់តែប៉ះជាមួយខ្សែមេបណ្ដាញបញ្ជូនអគ្គិសនីផ្ទុះផ្កាភ្លើងឆេះខ្លោចពេញខ្លួនធ្លាក់ចុះពីលើដំបូលផ្ទះបណ្តាលឱ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានម្ចាស់ផ្ទះ និងប្រជាពលរដ្ឋនៅជិតខាងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៕