(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ១៩ជាប្រចាំ ដោយសារតែមរីករាលដាលសាហាវ និងមិនទាន់មានថ្នាំព្យាបាល
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «ទោះបីពេលនេះ ប្រទេសយើងគ្មានការដាក់បម្រាមហាមឃាត់តឹងតែងក្នុងការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយក្តី បងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ចំពោះសុវត្ថិភាពសុខភាពជាប្រចាំ ហើយត្រូវចងចាំគ្រប់ពេលថា ជំងឺឆ្លងកូវីដ-១៩ គឺជាជំងឺឆ្លងរាត្បាតដ៏កាចសាហាវបំផុត ដែលក្នុងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះវាអាចបង្កវិនាសកម្មបានយ៉ាងឆាប់រហ័សបំផុត។ មកទល់ពេលនេះ គ្មានថ្នាំលេបឬចាក់ព្យាបាលនៅឡើយទេ»។
សម្តេចបានបន្តថា៖ «សូមបងប្អូនប្រជាពលរដ្ឋយកជាប់ជាមួយនូវម៉ាស, ទឹកអាល់កុល ឬជិលសម្លាប់មេរោគនិងបាក់តេរី ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ។ សូមកុំអោយមានការសោកស្តាយធ្លាក់មកលើខ្លួនយើង និងក្រុមគ្រួសារយើងអោយសោះ ដោយសារតែការធ្វេសប្រហែស និងមើលស្រាល ជំងឺឆ្លងកូវីដ-១៩។ យើងចូលរួមទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩ ដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល»។
សូមបញ្ជាក់ថា រយៈពេល ១សប្តាហ៍មកហើយ ចាប់តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ មកទល់នឹងពេលនេះ មិនមានករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាទេ ខណៈដែលអ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បើយនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ ករណីជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានត្រឹម១២២ករណីដដែល ខណៈដែលអ្នកជាសះស្បើយ កើនដល់១០៥នាក់ នៅទូទាំងប្រទេស និងមានអ្នកជំងឺប្រមាណ១៧នាក់ប៉ុណ្ណោះ កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយុត្នជាប់ជានិច្ច ទោះបីជារយៈពេលប៉ុន្មានថ្ងៃមកនេះ មិនមានករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕