(ព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីម្សិលមិញនេះ បានឃាត់ខ្លួនក្រុមចោរឆក់វ័យក្មេង ឆ្លងដែនចំនួន២នាក់ ក្រោយពីពួកគេ បានធ្វើសកម្មភាពឆក់កាបូបលុយ ពីជនរងគ្រោះបានសម្រេច និងព្យាយាមរត់គេចខ្លួន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបចោរឆក់វ័យក្មេង ២នាក់នេះ បានធ្វើឡើងនាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នាវេលាម៉ោង១៖១៥នាទី នៅលើផ្លូវ ជាតិ៤ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្ដព្រះសីហនុ។
ដោយជនសង្ស័យទាំង ២នាក់ខាងលើ ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពឆក់កាបូបលុយ ពីសិស្សស្រីម្នាក់ឈ្មោះ សំ ស្រីពៅ អាយុ១៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូម្នាក់ឯង បណ្តាលដួលម៉ូតូដាច់រលាត់ជើង (រងរបួសស្រាល)។ សម្ភារដែលបាត់បង់រួមមាន៖ កាបូប១, ប្រាក់ចំនួន១៣ម៉ឺនរៀល, បណ្ណដកប្រាក់វីង១សន្លឹក មានទឹកប្រាក់ចំនួន ៨០ម៉ឺនរៀល។
ក្រោយពីទទួលបានព័ត៌មានពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា សហការជាមួយកម្លាំង នគរបាលចរាចរណ៍ផ្លូវគោក បានស្ទាក់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងមធ្យោបាយជិះធ្វើសកម្មភាពម៉ូតូ១ គ្រឿង ម៉ាក C-125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ៖ ភ្នំពេញ 1IC-3353 នៅចំណុចគោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង២នាក់ រួមមានទី៖ ឈ្មោះ កង រីវីរោទ័រ អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិខ១សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទី២៖ ឈ្មោះ លឹម ផាន់អួនសា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ១២ សង្កាត់ វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង ២នាក់បានសារភាពថា ខ្លួនពិតជាបានធើ្វសកម្មភាពជិះម៉ូតូឆក់កាបូបលុយជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យទាំង២នាក់ និងវត្ថុតាង (មធ្យោបាយធ្វើសកម្មភាព) ត្រូវបានបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីបន្តតាមនីតិវិធីច្បាប់៕