(ភ្នំពេញ)៖ រថយន្តភ្លើងដឹកអ្នកដំណើរភ្នំពេញ-ព្រះសីហនុ ព្រះសីហនុ-ភ្នំពេញ នឹងដាក់ឲ្យដំណើរការឡើងវិញហើយ នៅខែមករា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានអាកខានអស់រយៈពេលជាច្រើនឆ្នាំមកនោះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌ មានកម្ពុជា AKP ។
ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ បានចាប់ផ្តើមដំណើរការសាកល្បងរថភ្លើងដឹកអ្នកដំណើរពី រាជាយស្ម័យយានភ្នំពេញ ទៅដល់ស្ថានីយរថភ្លើងអូដឹមចម្ងាយប្រមាណ ១២គីឡូម៉ែត្រ។
AKP បានដកស្រង់សម្តីលោក RUSSEL TIZON មន្ត្រីផ្នែកសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេនាឱកាសនោះមកបញ្ជាក់ថា ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ បានសាកល្បងដឹកភ្ញៀវទេសចរតាមរថភ្លើងចំនួន ៣ទូអាចផ្ទុកមនុស្សចំនួន ១៥០នាក់។ ទូរថភ្លើងទាំង៣ទូនោះ មានទូរថភ្លើងមួយសម្រាប់ប្រភេទ VIP និង ២ទូទៀត សម្រាប់ភ្ញៀវទេសចរធម្មតា។
លោក RUSSEL TIZON បានបន្តថា ការចេញដំណើរពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ និងពីខេត្តព្រះសីហនុ មកកាន់ភ្នំពេញ ប្រើរយៈពេល ៨ម៉ោង លើចម្ងាយផ្លូវ ២៦០គីឡូម៉ែត្រ ក្នុងល្បឿន ៣៥គីឡូម៉ែត្រក្នុង ១ម៉ោង។
មន្ត្រីផ្នែកសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ បានបញ្ជាក់ទៀតថា ការបើកដំណើរការឡើងវិញនេះ គឺផ្តោតសំខាន់លើភ្ញៀវទេសចរ ដើម្បីភ្ញៀវទេសចរបានមើលឃើញទេសភាពធម្មជាតិស្រស់ស្អាត តាមបណ្តាខេត្តនានា ពីភ្នំពេញ ទៅដល់ខេត្តជាប់មាត់សមុទ្រ ព្រមទាំងជួយកាត់បន្ថយការកកស្ទះចរាចរតាមផ្លូវជាតិទៀតផងដែរ។
លោកបានអះអាងថា ក្បាលរថភ្លើង និងទូរថភ្លើងផលិតឡើងក្នុងទសវត្សរ៍៦០ នៅប្រទេសបារាំង ហើយយកមកប្រើប្រាស់សម័យសង្គមរាស្ត្រនិយម។ ទូរថភ្លើងទាំង៣ ប្រើសម្រាប់ដឹកភ្ញៀវទេសចរ ដោយតុបតែងយ៉ាងស្អាត និងបំពាក់ឧបករណ៍ម៉ាស៊ីនត្រជាក់និងមានអាហារដ្ឋានសម្រាប់បម្រើភ្ញៀវនៅលើរថភ្លើងទៀតផង។
លោកបានលើកឡើងថា បច្ចុប្បនេះ មានក្រុមហ៊ុនទេសចរណ៍ កំពុងមកទាក់ទងជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដើម្បីដឹកភ្ញៀវទេសចរតាមរថភ្លើងពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ៕