(កណ្ដាល)៖ នគរបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល បានឃាត់ខ្លួនបុរសម្នាក់ ក្រោយសម្លាប់នារីជាសង្សារបស់ខ្លួនចងផ្អោបនឹងដុំថ្ម ទម្លាក់ចូលរណ្ដៅទឹក ក្រោយមានជម្លោះជាមួយនារីជាសង្សាដោយភាគីខាងស្រីប្រាប់ឱ្យជូនខ្លួនទៅផ្ទះវិញ ប៉ុន្តែខាងប្រុសបដិសេធ ក៏ឈានដល់ជម្លោះកើតជាអំពើហិង្សា សម្លាប់ទម្លាក់ចូលរណ្ដៅទឹកតែម្ដង។
នគរបាលបានឃាត់ខ្លួនជនសង្ស័យរូបនេះ នាថ្ងៃទី១៨ ខែមេសា ម្សិលមិញ ក្រោយឃាតកម្មបានប្រព្រឹត្ត កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ក្នុងរណ្ដៅទឹកមួយ ត្រង់ចំណុចភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនសង្ស័យមានឈ្មោះ ឌឿន ឌី អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ ចំណែកនារីរងគ្រោះមានឈ្មោះ ម.ច.ថ អាយុ២៧ឆ្នាំ មុខរបរកម្មការិនី មានទីលំនៅខេត្តកំពង់ស្ពឺ។
នគរបាលបានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ក្រោយទទួលដំណឹងករណីឃើញសាកសពអណ្ដែតក្នុងទឹក កាលពីថ្ងៃទី១៦ ខែមេសា ភ្លាម នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋានននគរបាលខេត្តកណ្ដាល សហការជាមួយនគរបាលស្រុកកណ្ដាលស្ទឹង ក្រោមការចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ចុះប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត រហូតចាប់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។
ប្រភពដដែល បានបន្តថា កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ដើមឬស ថា មានសាកសពអណ្ដែតទឹក ក្នុងរណ្ដៅដីមួយកន្លែង នៅភូមិក្រូចសើច ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍រាយការណ៍បន្ត ទៅសមត្ថកិច្ចជំនាញស្រុក និងសមត្ថកិច្ចជំនាញខេត្ត បានចុះមកធ្វើការពិនិត្យឃើញថា នៅនឹងខ្លួនសាកសពមានដាក់ដុំថ្មនៅក្នុងអាវ រួចសន្និដ្ឋានជាករណីឃាតកម្ម បន្ទាប់មកកម្លាំងជំនាញបានកសាងសំណុំរឿងស្រាវជ្រាវស៊ើបអង្កេត ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត រហូតកំណត់មុខសញ្ញា និងឈានដល់ចាប់ខ្លួនជនសង្ស័យ បាននៅថ្ងៃទី១៨ ខែមេសា។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យសារភាពថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៧៖០០នាទី ជនសង្ស័យ និងឈ្មោះ យឿន គន្ធា ភេទស្រី រស់នៅភូមិឃុំជាមួយគ្នា (ត្រូវជាប្អូនជីដូនមួយ) បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HF-6858 បានជិះម៉ូតូចេញពីផ្ទះទៅយកជនរងគ្រោះនៅភូមិថ្លុកព្រាល ឃុំព្រះនិព្វាន្ដ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីទៅហូបបង្អែម នៅផ្សារកំពង់កន្ទួត។
ពេលមកដល់ផ្សារកំពង់កន្ទួត ពុំបានហូបបង្អែមទេ ដោយសារមេឃចង់ភ្លៀង ក៏នាំគ្នាជិះម៉ូតូទៅកន្លែងកើតហេតុ ហើយឈ្មោះ យឿន គន្ធា បានជិះម៉ូតូត្រឡប់មកផ្ទះខ្លួនវិញបាត់ទៅដោយជនរងគ្រោះ និងជនស័ង្សយនៅជាមួយគ្នា រហូតដល់វេលាម៉ោង០០៖៤០នាទី ឈានចូលថ្ងៃទី១០ ខែ ឆ្នាំ ដដែលជនសង្ស័យ និងជនរងគ្រោះបានឈ្លោះប្រកែកគ្នាពីរឿងឱ្យជូនទៅផ្ទះ តែជនសង្ស័យមិនព្រមជូនទៅទើបជនរងគ្រោះទះកំផ្លៀងជនសង្ស័យ ០៣ដៃ ចំមុខ និងជេរបញ្ចោរថែមទៀត។ ពេលនោះជនសង្ស័យខឹង និងចង់ដោះដៃផង បានយកលេសក៏យកឈើជ្រុងដែលនៅក្បែរកន្លែងកើតហេតុ មកវាយជនរងគ្រោះចំកញ្ចឹងកចំនួន ២ដំបង បណ្តាលឱ្យស្លាប់ ហើយជនសង្ស័យបានយកដុំថ្ម១ដុំ ប៉ុនភ្លៅមនុស្សចាស់ដាក់ចូលក្នុងអាវជនរងគ្រោះ ខាងក្រោយរួចរុញទម្លាក់ចូលក្នុងទឹករណ្តៅដីខ្សាច់លិចបាត់តែម្តង។
ករណីឃាតកម្មនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕