(កណ្ដាល)៖ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល អមដំណើរដោយលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ព្រមទាំងមន្ត្រីជាច្រើននាក់ផ្សេងទៀត កាលពីម្សិលមិញ បានចុះសួរសុខទុក្ខក្រុមកម្មករ-កម្មការនី តាមបណ្ដារោងចក្រចំនួន៣ នៃស្រុកមុខកំពូល និងស្រុកពញាឮ ដើម្បីផ្សព្វផ្សាយពីវិធានការ ចំពោះវីរុសកូវីដ១៩ ពិសេសប្រាប់ដល់រោងចក្រ ពីការសហការចាត់វិធានការចត្តាឡីស័កចំនួន១៤ថ្ងៃ ចំពោះបុគ្គលណាដែលទើបត្រឡប់ពីស្រុកកំណើតវិញ។
ក្រុមកម្មករ-កម្មការនី បានសម្តែងការអបអរសាទរ ចំពោះវិធានការរបស់រដ្ឋបាលខេត្តកណ្ដាល ហើយពិសេសអរគុណរាជរដ្ឋាភិបាល ដែលបានគិតគូរយកចិត្តទុកដាក់ ជួយរៀបចំបានល្អប្រសើរ ចំពោះវិធានការចត្តាឡីស័កនេះ ដើម្បីការពារការរីករាលដាលវីរុសកូវីដ១៩ ជាយថាហេតុណាមួយ។
លោក តាំង ម៉េងលាន បានលើកឡើងថា អនុវត្តតាមបទបញ្ជារ ០២បប និងការណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំអគារមួយចំនួន ដើម្បីត្រៀមទទួលក្រុមកម្មករ-កម្មការនី ដែលត្រូវចាត់វិធានការចត្តាឡីស័ក ជាមួយនឹងការផ្គត់ផ្គង់ ចំណីអាហារឱ្យបានគ្រប់គ្រាន់ ប៉ុន្តែ ទន្ទឹមនឹងការសម្រាករយៈពេល១៤ថ្ងៃនេះ ពួកគេនឹងមិនទទួលបានប្រាក់បៀវត្សនោះឡើយ។
អភិបាលរងខេត្តបានបន្តថា លោកនឹងក្រុមការងារនៅតែបន្តផ្សព្វផ្សាយដល់បណ្ដារោងចក្រនានាជុំវិញខេត្តកណ្ដាល ក្រោមការបង្គាប់ របស់អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ធ្វើយ៉ាងណាអនុវត្តឱ្យបានល្អប្រសើរនូវបទបញ្ជា ០២បប ដើម្បីទប់ស្កាត់ឱ្យបាន នូវការរីករាលដាលវីរុសកូវីដ១៩ មុនឆ្លងទៅសហគម និងឆ្លងដល់បណ្ដាក្រុមកម្មករ-កម្មការនីដទៃទៀត ដែលធ្វើការក្នុងរោងចក្រនោះឡើយ៕