(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយុត្នជាប់ជានិច្ច ទោះបីជារយៈពេលប៉ុន្មានថ្ងៃមកនេះ មិនមានករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
ជាមួយនឹងការផ្សព្វផ្សាយនូវសេចក្តីប្រកាសធ្វើបច្ចុប្បន្នអំពីជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានបញ្ជាក់ថា «ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ »។
រយៈពេល ១សប្តាហ៍មកហើយ ចាប់តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ មកទល់នឹងពេលនេះ មិនមានករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាទេ ខណៈដែលអ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បើយនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ ករណីជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានត្រឹម១២២ករណីដដែល ខណៈដែលអ្នកជាសះស្បើយ កើនដល់១០៥នាក់ នៅទូទាំងប្រទេស និងមានអ្នកជំងឺប្រមាណ១៧នាក់ប៉ុណ្ណោះ កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕