(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តគាំទ្ររាជរដ្ឋាភិបាល ដើម្បីជំនះឧបសគ្គនានាបន្តទៀត នៅក្នុងដំណាក់កាល នៃការរីករាលដាលជំងឺ COVID-19។
ការអំពាវនាវបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានចេញនូវវិធានការនានា ដើម្បីធានាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពសំបូរសប្បាយរបស់ប្រជាជន។ សម្តេច និងថ្នាក់ដឹកគ្រប់ជានថ្នាក់ បាននឹងខិតខំយកចិត្តដាក់ការពារ ទប់ស្កាត់ និងបង្ការវីរុសនេះយ៉ាងសស្រាកស្រាំ។
តាមរយៈ Facebook ផ្លូវការ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «ដោយមានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើង រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លងកាត់ឧបសគ្គច្រើនរាប់មិនអស់ដោយជោគជ័យ ធ្វើឱ្យកម្ពុជាអាចរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលបានសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពប្រសើរឡើងជារៀងរាល់ថ្ងៃ។ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ បន្តគាំទ្ររាជរដ្ឋាភិបាល ដើម្បីជម្នះឧបសគ្គនានាបន្តទៀត សម្រាប់ភាពប្រសើរឡើងរបស់យើងទាំងអស់គ្នា»។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញករណីឆ្លងរីករាលដាលជំងឺកូវីដ១៩ ចំនួន១២២ករណី ដែលក្នុងនោះមានចំនួន អ្នកជាសះស្បើយកើនឡើង រហូតដល់១០៥នាក់ ហើយពិសេសបំផុតគ្មានអ្នកឆ្លងជំងឺកូវីដថ្មីទេ នៅរយៈពេល១សប្តាហ៍ចុងក្រោយនេះ។ ចំណែកអ្នកកំពុងសម្រាកព្យាបាល ជំងឺកូវីដធ្លាក់ចុះ មកត្រឹមចំនួន១៧នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ។
រាជរដ្ឋាភិបាលកម្ពុជា បានចេញវិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់នឹងការរីករាលដាលជំងឺកូវីដនេះ ក្នុងនោះមានការអនុញ្ញាតឱ្យសាលាទាំងរដ្ឋ និងឯកជនឈប់សម្រាកមុនមុនកំណត់ បិទក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល បៀរហ្កាឌិន និងសារៈមន្ទីរជាបណ្តោះអាសន្នផងដែរ៕