(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ចេញនូវព័ត៌មានថ្មីមួយ ដោយអះអាងថា ទីម័រខាងកើតបានចូលចែចូវសុំឲ្យយកម្ពុជានាំចេញអង្ករទៅកាន់ប្រទេសខ្លួន ដើម្បីទប់ស្កាត់ការខ្វះខាតស្បៀង ដោយសារជំងឺកូវីដ១៩។
ការស្នើរបស់ទីម័រខាងកើតនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាផ្លូវការមួយរវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម ជាមួយអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើតប្រចាំប្រទេសកម្ពុជា នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា «សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក.)រួមជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ បានទទួលជួបពិភាក្សាជាមួយអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើតប្រចាំប្រទេសកម្ពុជា អំពីលទ្ធភាពនៃការធ្វើពាណិជ្ជកម្ម ផ្គត់ផ្គង់អង្ករកម្ពុជាអោយទៅទីម័រខាងកើត តបតាមការស្នើសុំពីទីម័រខាងកើត ដើម្បីទប់ស្កាត់ការខ្វះខាតអង្ករ ដោយសារជំងឺកូវីដ១៩»។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបន្ថែមទៀតថា
ឆ្លើយតបទៅនឹងសំណើរនាំចេញអង្ករកម្ពុជាទៅទីម័រខាងកើត ដោយសារយន្តការទំនាក់ទំនងពាណិជ្ជកម្មនេះធ្វើឡើងរវាងរដ្ឋនិងរដ្ឋ ដូច្នេះខាងភាគីកម្ពុជាបានស្នើសុំឲ្យភាគីទីម័រខាងកើតបញ្ជូនលិខិតជាផ្លូវការ តាមរយៈក្រសួងការបរទេស ដោយបញ្ជាក់លើបរិមាណ រយៈពេលនៃការផ្គត់ផ្គង់ និងលក្ខខណ្ឌផ្សេងៗនៃការផ្គត់ផ្គង់ ដូចជាការវេចខ្ចប់ ការដឹកជញ្ជូននិងប្រភេទអង្ករ ដែលត្រូវការជាដើម ហើយខាងភាគីកម្ពុជានឹងរង់ចាំសហការ និងអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលជានិច្ច៕