(ភ្នំពេញ)៖ រយៈពេលពីរថ្ងៃ (៦-៧ មករា) ក្រោយទទួលបានអនុសាសន៍ពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្រុម ហ៊ុនអេហ្សិត បានផ្តល់ពាក្យស្នើសុំប្រើប្រាស់ផ្លូវជាតិលេខ៤ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ បានជាង ១៥០០នាក់ហើយ។ ក្រុមហ៊ុនអេហ្សិត បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលពាក្យអនុគ្រោះនេះ ទៅដាក់ពាក្យ និង ចុះឈ្មោះ ដើម្បីទទួលបានការធ្វើដំណើរដោយមិនបង់ថ្លៃ។
ក្រុមហ៊ុនអេហ្សិត អ៊ិនវេសមេន នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ បានប្រកាសថា «ក្រុមហ៊ុនសូមគាំទ្រអនុសាសន៍ណែនាំរបស់ សម្ដេចតេជោ និងបានអនុវត្ដន៍ការមិនយកតម្រៃរថយន្ដគ្រួសារ និងរថយន្ដ មន្រ្ដីរាជការ ដែលធ្លាប់បានបង់ថ្លៃ ១៨០០រៀល កន្លង មក កាលពីយប់ម៉ោងសូន្យ និងសូន្យនាទីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦»។
ក្រុមហ៊ុននេះ ក៏បានអំពាវនាវដល់ម្ចាស់រថយន្ដគ្រួសារនិងរថយន្ដមន្ដ្រីរាជការទាំងអស់ ដែលមានទីលំនៅតាមបណ្ដោយផ្លូវជាតិ លេខ៤ ដែលធ្វើដំណើរញឹកញាប់ និង ជាប្រចាំ ដែលមិនទាន់ទទួលបានការអនុគ្រោះសម្រាប់ការមិនបង់ថ្លៃទៅចុះឈ្មោះសុំការ មិនបង់ថ្លៃនៅតាមបញ្ជរបង់ប្រាក់របស់ក្រុមហ៊ុននៅជិតបំផុត។
ក្រុមហ៊ុន អេហ្សិត បានហៅការអនុគ្រោះមិនយកថ្លៃសេវាពីប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវជាតិលេខ៤នេះ បានចូលរួម ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយចំណាយរបស់ ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់បញ្ជរបង់ប្រាក់ ដើម្បីទៅធ្វើការងារប្រចាំថ្ងៃ។
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន អេហ្សិត ខាងក្រោមនេះ៖